ព័ត៌មានទាន់ហេតុការណ៍៖

ដោតសាកពិលអគ្គីសនីទុកចោល ឆ្លងចរន្តឆេះផ្ទះអស់១ខ្នង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ផ្ទះប្រជាពលរដ្ឋ១ខ្នងត្រូវបានអគ្គីភ័យលេបត្របាក់អស់គ្មានសល់ ខណៈដែលម្ចាស់ផ្ទះបានដោតសាកបញ្ចូលពិលអគ្គីសនីទុកចោល ម្ចាស់ទៅធ្វើការងាររោងចក្របាត់ រួចហើយក៏បានឆ្លងចរន្តអគ្គិសនី ក្លាយជាអគ្គីភ័យឆេះផ្ទះបង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង។

ហេតុការណ៍អគ្គីភ័យលេបត្របាក់ផ្ទះអស់១ខ្នងបានកើតឡើងកាលពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅក្នុងភូមិតាមេម ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកគងពិសីបានឱ្យដឹងថា ផ្ទះ១ខ្នងដែលអគ្គីភ័យលេបត្របាក់អស់ធ្វើអំពីថ្មក្រោម ឈើលើ ប្រក់ក្បឿង ទំហំទទឹងប្រវែង៧ម៉ែត្រ គុណនឹង៩ម៉ែត្រ ម្ចាស់ ផ្ទះមានឈ្មោះ កុត មឿង ភេទប្រុស អាយុ៣៤ឆ្នាំមុខរបរកម្មកររោងចក្រ(ជាប្តី) និងឈ្មោះ សែម នន អាយុ៣៣ឆ្នាំមុខរបរកម្មារិនីរោងចក្រ ជាប្រពន្ធ រស់នៅក្នុងភូមិតាមេម ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

នគរបាលស្រុកគងពិសីបានបន្តថា ករណីអគ្គីភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋខាងលើ រងការខូចខាតសម្ភារៈរួមមាន÷

-ផ្ទះឆេះស្ទេីរតែទាំងស្រុង

-ឆេះលុយ ចំនួន ២ លានរៀល

-ស្រូវ ១៩ បេ(បាវ)

-គ្រែ ១

-ពូក ១

-សម្លៀកបំពាក់

-ទូរទឹកកក ១ និងកង្ហារ ១ រួមសម្ភារៈផ្ទះបាយមួយចំនួនថែមទៀតផង។

នគរបាលស្រុកគងពិសីបានបន្តឱ្យដឹងទៀតថា បើតាមការបញ្ជាក់ពីម្ចាស់ផ្ទះ មូលហេតុដែលអគ្គីភ័យឆាបឆេះផ្ទះនេះបណ្តាលមកពី ម្ចាស់ផ្ទះបានដោតសាកបញ្ចូលពិលអគ្គីសនី ទុកចោល រួចទៅធ្វើការរោងចក្រ ហើយក៏ឆ្លងចរន្តអគ្គិសនីទើបបង្កជាអគ្គិភ័យឆេះផ្ទះតែម្តង៕


ចែករំលែក៖