ខេត្តកំពង់ឆ្នាំង÷ កម្លាំងសហការរបស់យោធាចុះល្បាតចាប់បានបទល្មើសទូកឆក់និងទូករុញជនចំនួន៣គ្រឿងក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។ ការប្រទះនិងបង្ក្រាបបទល្មើសខាងលើនេះដឹកនាំដោយលោកវរសេនីយ៍ទោ ម៉ៅ វេ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង រួមសហការជាមួយកម្លាំង កងពលតូចលេខ៧០ ។
តាមការបញ្ជាក់ពីលោកវរសេនីយ៍ទោ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានឲ្យដឹងថា នៅវេលាម៉ោង ៣ទៀបភ្លឺឈានចូលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ កម្លាំងចម្រុះបានចុះល្បាតហើយពើបប្រទះបទល្មើសទូករុញជនចំនួន១ទូកស្ថិតក្នុងភូមិសាស្ត្រក្រុងកំពង់ឆ្នាំង។ លុះដល់វេលាម៉ោង ៥:៣០នាទីព្រឹកថ្ងៃទី៣០ ខែមករា ដដែល ពេលមកដល់ចំណុចក្បាលកោះចោរ ស្ថិតក្នុងឃុំប្រឡាយមាស ស្រុកកំពង់លែង ក៏ពើបប្រទះឃើញបទល្មើសទូកឆក់ចំនួន៣គ្រឿងដែលកំពុងធ្វើសកម្មភាព កម្លាំងសហការក៏បានធ្វើការព័ទ្ធចាប់ ប៉ុន្តែជនសង្ស័យបានរត់គេចខ្លួនបន្សល់ទុកនូវវត្ថុតាងឧបករណ៍ឆក់និងទូកបាឡាស្មាច់ចំនួន ៣ គ្រឿង។
ប្រភពខាងលើដដែលបានឲ្យដឹងទៀតថា វត្ថុតាងទូកចំនួន២គ្រឿងត្រូវបានយកមករក្សាទុកនៅតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងទូកចំនួន១គ្រឿងទៀតត្រូវបានកម្លាំងកងពលតូចលេខ៧០ នាំយកទៅរក្សាទុក ។
ការចុះល្បាតនិងបង្ក្រាបបទល្មើសខាងលើដែលជាបទល្មើសខុសច្បាប់ នេះធ្វើឡើងក្រោមបទបញ្ជារបស់ ប្រធានគណៈបញ្ជាការឯកភាពបង្ក្រាបបទល្មើសក្នុងបឹងទន្លេសាបនិងក្នុងដែនសមត្ថកិច្ចខេត្តកំពង់ឆ្នាំង ក្រោមបទ បញ្ជារបស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង តាមបទបញ្ជារបស់ថ្នាក់លើ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច