ខេត្តស្ទឹងត្រែង ៖ លោក លី មិនា អភិបាលក្រុងស្ទឹងត្រែង បានដាក់បទបញ្ជាតឹងរឹង ដល់អាជ្ញាធរពាក់ព័ន្ធគ្រប់សង្កាត់ទាំង៤ ឲ្យចាត់វិធានការបង្ក្រាបករណី គោដែលម្ចាស់ចិញ្ចឹមលែងពាសវាលពាស់កាល នៅតាមដងផ្លូវជាតិ ដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ និងប៉ះពាល់ដល់សុវត្ថិភាពអ្នកធ្វើដំណើរ។
ការដាក់បទបញ្ជានេះ ធ្វើឡើង
នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពក្រុង នៅសាលាក្រុងស្ទឹងត្រែងដែលបន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍ជាបន្តបន្ទាប់ មកសាលាក្រុង អំពីករណីគោចូលស៊ីដំណាំ និងបង្កជម្លោះជាមួយប្រជាពលរដ្ឋ ជាពិសេសករណីដែលកើតឡើងនៅសង្កាត់ស្រះឬស្សី កាលពីថ្ងៃទី២៧ ខែមករា កន្លងមក។
លោកអភិបាលក្រុង បានបញ្ជាក់ឲ្យអាជ្ញាធរគ្រប់សង្កាត់ អនុវត្តវិធានការតាមបទបញ្ជារបស់ឯកឧត្តមអភិបាលខេត្ត ឲ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសនៅតំបន់សង្កាត់សាមគ្គី និងសង្កាត់ស្រះឬស្សី ដែលជាតំបន់មានបញ្ហាច្រើន។
លោក លី មិនា បានលើកឡើងថា កម្លាំងសណ្ដាប់ធ្នាប់ត្រូវសហការជាមួយប្រជាការពារ អនុវត្តវិធានការភ្លាមៗ នៅពេលមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ។
ដោយឡែកចំពោះម្ចាស់គោ ត្រូវអនុវត្តជាបីដំណាក់កាល គឺ៖
លើកទី១៖ អប់រំ និងណែនាំ
លើកទី២៖ ធ្វើកិច្ចសន្យា
លើកទី៣៖ ចាប់យកគោ អនុវត្តតាមច្បាប់ និងបញ្ជូនទៅមូលដ្ឋានទ័ព ដើម្បីចិញ្ចឹមបន្ត។
ជាមួយគ្នានេះ លោកវរៈសេនីយទោ អ៊ីវ ចិន្តា អធិការនគរបាលស្តីទីក្រុងស្ទឹងត្រែង បានបញ្ជាក់ថា សមត្ថកិច្ចបានដាក់កម្លាំងល្បាតទាំងយប់ទាំងថ្ងៃ និងអំពាវនាវឲ្យប្រជាពលរដ្ឋ សហការផ្តល់ព័ត៌មានឲ្យបានទាន់ពេលវេលា និងអាចទុកចិត្តបាន។
ក្នុងកិច្ចប្រជុំនេះ គណៈអភិបាលក្រុង ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមអនុវត្ត គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ៧ចំណុច ឲ្យមានប្រសិទ្ធភាព និងបញ្ជាឲ្យសមត្ថកិច្ចទាំង៣ប្រភេទ មិនបន្ធូរដៃចំពោះក្មេងទំនើង និងបទល្មើសលួចកាច់កម៉ូតូ កាត់ខ្សែភ្លើង ឬល្មើសផ្សេងៗឡើយ៕



ដោយ៖ជីវ័ន្ត
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច