ព័ត៌មានទាន់ហេតុការណ៍៖

លោក វ៉ី សំណាង អះអាងថា ខេត្តតាកែវ គ្មានស្គេមអនឡាញ (Scams Online) និងធានាការពារសុវត្ថិភាពអ្នកវិនិយោគ

ចែករំលែក៖

ខេត្តតាកែវ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានធានាការពារចំពោះសុខសុវត្ថិភាពជូនអ្នកវិនិយោគដែលចូលមកបណ្ដាក់ទុននៅក្នុងខេត្តតាកែវ ជាពិសេសលោកបានធានាអះអាងថា ខេត្តតាកែវ គឺជាខេត្តមួយដែលគ្មានស្គែម អនឡាញនោះឡើយ។

ថ្លែងនៅក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងបទបង្ហាញបញ្ហាប្រឈមនិងសំណូមពររបស់អនុគណៈកម្មាធិការវិនិយោគខេត្តតាកែវនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះ លោក វ៉ី សំណាង បានមានប្រសាសន៍លើកឡើងពីការធានាសុខសុវត្ថិភាព ជូនក្រុមអ្នកវិនិយោគ និងបានប្រាប់ក្រុមអ្នកវិនិយោគកុំឲ្យមានការព្រួយបារម្ភពីសុវត្ថិភាព ហើយត្រូវមានការជឿជាក់លើការទទួលខុសត្រូវរបស់អាជ្ញាធខេត្ត។

លោក វ៉ី សំណាង ក៏បានលើកឡើងពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ក្នុងការអូសទាញអ្នកវិនិយោគ ឲ្យចូលមកបណ្ដាក់ទុននៅក្នុងខេត្តតាកែវ ដើម្បីបង្កើតការងារកាន់តែច្រើនឡើង ជូនបងប្អូនប្រជាពលរដ្ឋ ហើយក្នុងឆ្នាំ២០២៥កន្លងមកនេះ មានក្រុមហ៊ុនវិនិយោគចំនួន៥២ បើធៀបនឹងឆ្នាំ២០២៤ កើនឡើង៣៣៣ភាគរយ និងបានមកបើករោងចក្រ នៅក្នុងខេត្តតាកែវ ក្នុងទំហ៊ំទុនវិនិយោគជាង ១៧០លានដុល្លាអាមេរិក ដោយបានបង្កើតឱកាសការងារបានចំនួនជិត ៣ម៉ឺនកន្លែង៕

ដោយ៖តារា


ចែករំលែក៖