ព័ត៌មានទាន់ហេតុការណ៍៖

(Update)÷ នាងជ្រុលខ្លួនដឹងប្រុសស្នេហ៍មានប្រពន្ធ ទារយកទូរស័ព្ទវិញ បុរសនោះរុញផ្ទប់របងថ្មសន្លប់ឈឹងផ្អើលឈុល

ចែករំលែក៖

ភ្នំពេញ ៖ នារីម្នាក់ជាស្ត្រីមេម៉ាយកូនមួយ បានលង់ស្នេហ៍ជាមួយប្ដីគេ នាងបានចាត់ទុកបុរសនោះជាប្ដី និងបានទិញទូរសព្ទ ១គ្រឿង ឲ្យបុរសនោះប្រើថែមទៀត ប៉ុន្តែក្រោយពីការរស់នៅក្រោមដំបូលផ្ទះជួលជាមួយគ្នាបានរយៈពេល២ខែ ទើបនាងបានដឹងថា បុរសដែលនាងស្រលាញ់ និងចាត់ទុកជាប្ដីនោះ មានប្រពន្ធរួចទៅហើយ តែលាក់បាំងនាងរហូតមក។ ពេលនោះ នាងក៏បានសុំបុរសនោះបែកគ្នា និងបានទាមទារយកទូរសព្ទដែលនាងទិញឲ្យនោះ មកវិញ ប៉ុន្តែប្រុសស្នេហ៍បណ្ដូល ចិត្ត មិនត្រឹមតែមិនឲ្យវិញប៉ុណ្ណោះទេ ថែមទាំងចាប់នាងរុញនិងបោកផ្ទប់របងថ្ម បណ្ដាលឲ្យនាងសន្លប់ស្ដូកស្ដឹង បន្ទាប់មក បុរសនោះបានគេចខ្លួនបាត់ ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង០២និង៥០នាទីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ នៅតាមផ្លូវលំភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ស្ត្រីនោះឈ្មោះ ត.ម.រ អាយុ២៤ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានស្រុកកំណើតនៅខេត្តពោធិ៍សាត់ នាងជាស្ត្រីមេម៉ាកូន១ ត្រូវបានក្រុមសង្គ្រោះអង្គភាព៧១១ ដឹកយកទៅកាន់មន្ទីរពេទ្យព្រះកុសុមៈភ្លាមៗ។ ចំណែកបុរសជាប្រុសស្នហ៍ឈ្មោះ ថាច់ បិន អាយុប្រមាណ៣០ឆ្នាំ អ្នកទាំង២នាក់នេះ ស្នាក់នៅផ្ទះជួល ក្នុងភូមិកើត ហេតុខាងលើ (កំពុងរត់គេចខ្លួន) ។

ប្រជាការពារម្នាក់ និយាយថា នៅមុនពេលកើតហេតុ អ្នកទាំង២បានដើរតាមផ្លូវជាមួយគ្នា ហើយបុរស ដែលជាប្រុសស្នេហ៍ ប្រុងយកទូរសព្ទ១គ្រឿង ដែលនាងទិញឲ្យទៅដាក់បញ្ចាំ។ ប៉ុន្តែពេលនោះ នារីខាងលើ បានរារាំងមិនឲ្យយកទៅបញ្ចាំនោះទេ មិនតែប៉ុណ្ណោះនាងបានទាមទារយកទូរសព្ទនេះពីបុរសនោះវិញ ទើបបង្កឲ្យមានការទាស់ពាក្យសម្ដីគ្នា ហើយបុរសនោះ ក៏បានចាប់នាងរុញ និងបោកផ្ទប់របងថ្ម បណ្ដាលឲ្យរងរបួសសន្លប់ឈឹងតែម្ដង ។

ប្រជាការពារដដែល បន្តថា រវាងនារីរងគ្រោះ និងជនដៃ ដល់នោះ បានមានទំនាក់ទំនងស្នេហាជាមួយគ្នា ដោយមុនទាក់ទងនាងបុរសនោះ មានប្រពន្ធរួចទៅហើយ តែបានលាក់បាំងមិនឲ្យនាងម្នាក់នោះ ដឹងឡើយ ចំណែកនារីនោះវិញ បានស្រលាញ់បុរសនោះស្មោះ និងបាន ចាត់ទុកបុរសនោះជាប្ដីតែម្ដង។ ដោយក្ដីស្រលាញ់ នាងក៏បានទិញទូរសព្ទ ១គ្រឿង ឲ្យបុរសនោះប្រើប្រាស់ថែមទៀតផង ហើយអ្នកទាំង២ បានរស់នៅក្រោមដំបូលផ្ទះជួល តែមួយជាមួយគ្នាអស់រយៈពេល២ខែ មកហើយ ។

ប្រជាការពារខាងលើ បានប្រាប់បន្ថែមទៀតថា ប៉ុន្តែនៅក្នុងពេលថ្មីៗនេះ នាងបានដឹងថា មុនពេលមកទាក់ទងសុំស្នេហ៍ពីនាង ប្រុសកំណាន់ចិត្ត មានប្រពន្ធរួចទៅហើយ ដែលបានធ្វើឲ្យនាងខកចិត្តយ៉ាងខ្លាំង នាងក៏បានសុំបែកគ្នា និងទាមទារយកទូរសព្ទវិញ។ ប៉ុន្តែបុរសនោះមិនត្រឹមតែមិនព្រមឲ្យវិញប៉ុណ្ណោះទេ ប្រុងយកទៅដាក់បញ្ចាំថែមទៀត ទើបក្លាយជាទំនាស់ពាក្យសម្ដី អ្នកទាំង២ ដើរបណ្ដើរឈ្លោះប្រកែកគ្នាបណ្ដើរ។ បន្ទាប់មក បុរសនោះក៏ចាប់នាងរុញច្រាន និងបោកផ្ទប់របងថ្មពេញ ទំហឹង បណ្ដាលឲ្យនាងរងរបួសសន្លប់ស្ដូកស្ដឹង រួចហើយបុរសនោះបានរត់គេចខ្លួនបាត់ដោយសុវត្ថិភាព ខណៈនោះ បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ ទៅចោមរោមមើល ព្រមទាំងហៅក្រុមសង្គ្រោះអង្គភាព៧១១ ដឹកយកនាងបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ដើម្បីសង្គ្រោះបន្ទាន់ ៕


ចែករំលែក៖