ភ្នំពេញ ៖ ប៉ុន្មានថ្ងៃនេះ ឃើញបងប្អូនសារព័ត៌មានយើងមួយចំនួន បានចុះផ្សាយច្រើនដែរ និងមានការចែករំលែកតាមបណ្តាញសង្គមពាក់ព័ន្ធតួនាទីមន្រ្តីគយចល័តដែលប្រចាំការនៅតាមផ្លូវជាតិមួយចំនួន ជាពិសេសផ្តោតទៅលើក្រុមមន្រ្តីគយចល័តតំបន់៦។
នៅក្នុងខ្លឹមសារនោះ បានផ្តោត និងសង្កត់លោក ព្រាប គារ៉ាត់ ហៅ សិដ្ឋ ដែលផ្សាយថាជាមេគយចល័តប្រចាំតំបន់៦ ដែលរួមមាន៖ ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ប៉ុន្តែអ្វីដែលអង្គភាពយើងទទួលបាន និងមានការបញ្ជាក់ពីមន្រ្តីគយចល័ត បានឲ្យដឹងថា នៅពេលនេះលោក ព្រាប គារ៉ាត់ ហៅ សិដ្ឋ មិនមែនជាមេគយចល័តតំបន់៦ទៀតឡើយ ពោលលោកត្រូវបានដំឡើង និងតែងតាំងជាអនុប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើសរត់គេចពន្ធ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ យូរហើយដែរ។
សម្រាប់មេគយចល័តប្រចាំតំបន់៦ គឺលោក ខាន់ ណារ៉ាអេលីត ដែលមានតួនាទីជាប្រធានការិយាល័យបង្ការ និងបង្ក្រាបបទល្មើសរត់គេចពន្ធ។ មានន័យសម្រាប់តួនាទីជាប្រធានការិយាល័យ គឺជាមេគយចល័តប្រចាំតំបន់៦ ដែលមានភារកិច្ចបង្ក្រាបអំពើរត់គេចពន្ធនៅក្នុងខេត្តទាំង៦ខាងលើនេះ។
អ្វីដែលបង្ហោះព័ត៌មាននេះ មិនមានគោលដៅការពារសកម្មភាព និងការងារបង្ក្រាបទំនិញគេចពន្ធពីក្រុមមន្រ្តីគយចល័តនោះឡើយ ពោលគ្រាន់តែចង់បង្ហាញពីរចនាសម្ព័ន្ធនៅក្នុងជួរមន្រ្តីគយតាមការិយាល័យ និងនាយកដ្ឋានប៉ុណ្ណោះ ដែលបងប្អូនសារព័ត៌មានយើងគួរស្វែងយល់បន្ថែម។
សម្រាប់បងប្អូនជាអ្នកសារព័ត៌មាន រួមទាំងអ្នកលេងតាមបណ្តាញសង្គមដែរ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពាក់ព័ន្ធការសរសេរពីតួនាទី និងភារកិច្ចរបស់មន្រ្តី។
ពេលខ្លះយករូបគេមកបង្ហោះ អមដោយការបញ្ជាក់តួនាទីខុស អាចបណ្តាលឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់គេ ហើយតម្លៃនៃការផ្សាយរបស់យើងក៏ធ្លាក់ចុះតាមនោះដែរ។
សម្រាប់អាជីពសារព័ត៌មាន ចាំបាច់ប្រយ័ត្នណាស់ បើទោះបីពេលខ្លះខុសដោយអចេតនាណាមួយ បូករួមទាំងអក្ខរាវិរុទ្ធឈ្មោះរបស់មន្រ្តីជាដើម។ បើចុះផ្សាយពីការសរសើរគេ មិនអីទេ តែបើការផ្សាយមូលបង្កាច់កេរ្តិ៍ ជារឿងខុសវិជ្ជាជីវ: ហើយខ្ញុំតែងតែឃើញបងប្អូនយើងខ្លះធ្លាប់បានចុះផ្សាយពីមន្រ្តីមួយចំនួន ដែលពួកគាត់ត្រូវបានផ្លាស់ប្តូរមុខតំណែងយូរឆ្នាំហើយ ដូច្នេះគួរមានការស្រាវជ្រាវបន្ថែម មុននឹងការចុះផ្សាយ។
ព័ត៌មានខ្លះបង្ហើបថា , លោក ខាន់ ណារ៉ាអេលីត ជាមេគយប្រចាំតំបន់៦ ជំនួសលោក ព្រាប គារ៉ាត់ ហៅ សិដ្ឋ… ក្លាយជាតំបន់ដាក់ខែ រាប់ក្បាលឡាន សមគំនិត ក្នុងប្រយោជន៍លើទំនិញក្លែងភេទ ដូចជា នាំទំនិញចូល ប្រភេទបង់ពន្ធថ្លៃ ប្រកាសពន្ធទាប ទទួលផល (អំពើពុករលួយ) ជាលក្ខណៈប្រព័ន្ធ ! ត្រង់ចំណុចនេះ បើជាការពិត មានន័យថា មេគយចល័តតំបន់ 6 ក្បត់តួនាទីភារកិច្ច ! សំខាន់ ! រង់ចាំទទួលការពិត ថាតើ មេឈ្មួញណាខ្លះ ដែលដឹកទំនិញឆ្លងកាត់តាមផ្លូវជាតិដែលមេគយចល័យតំបន់ 6 ឆ្លងកាត់ ? នេះជាព័ត៌មានក្រៅផ្លូវការ ប៉ុន្តែអង្គភាព មជ្ឈមណ្ឌល ព័ត៌មាន នគរវត្ត ក៏នឹងបន្តតាមដាន ទោះបច្ចុប្បន្ន ឈ្មួញបានបង្ហើប ពីភាពមិនប្រក្រតីនេះក៏ដោយ ! សង្ឃឹមថា មេគយចល័ត្នតំបន់ 6 នឹងពន្យល់ ពីរបៀបប្រមូលពន្ធ របៀបកាត់ឡាន បញ្ហាលេចឮ ដាក់ខែឡានដឹកទំនិញ គិតគូរក្បាលឡានឆ្លងកាត់ ពន្យល់ដល់សារព័ត៌មាន ឱ្យបានលម្អិត ចៀសវាងទទួលការរិះគន់ថា (មេគយតំបន់ 6) ជាប់ពាក់ព័ន្ធ ផលប្រយោជន៍ អំពើពុករលួយណាមួយ ៕

ដោយ ៖ សុខ ខេមរា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច