ខេត្តក្រចេះ៖ ខេត្តក្រចេះបច្ចុប្បន្នជាតំបន់ទេសចរណ៍សម្រស់មេគង្គ និងត្រីផ្សោត ពេលនេះកំពុងប្រែក្លាយខ្លួនទៅជា “ចំណុចតភ្ជាប់យុទ្ធសាស្ត្រ” ដ៏សំខាន់ថែមទៀត តាមរយៈគម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ថ្មី។ គិតត្រឹមដើមឆ្នាំ ២០២៦ នេះ គម្រោងដ៏មហិមាមួយនេះសម្រេចបានលទ្ធផលយ៉ាងគាប់ប្រសើរ ដែលជាសញ្ញាវិជ្ជមានសម្រាប់សេដ្ឋកិច្ចជាតិ និងការរស់នៅរបស់ប្រជាពលរដ្ឋ។
លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថា គិតត្រឹមដំណាច់ខែមករា ឆ្នាំ២០២៦នេះ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះនិងផ្លូវតភ្ជាប់ សម្រេចវឌ្ឍនភាពបានចំនួន៩១.៩១ភាគរយហើយ ដើម្បីឈានទៅបញ្ចប់ការសាងសង់ជាស្ថាពរនិងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលខាងមុខ។
លោកបានបន្តថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ និងកំណាត់ផ្លូវតភ្ជាប់ ដែលនឹងចូលរួមបម្រើដល់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនផ្ទៃក្នុងរបស់កម្ពុជាឱ្យកាន់តែមានភាពប្រទាក់ក្រឡា ជាពិសេសជំរុញកំណើនដឹកជញ្ជូនក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ នៅតាមបណ្តាខេត្តស្ថិតក្នុងភូមិភាគឦសាន។
បន្ថែមពីនេះ គម្រោងនេះនឹងជួយសម្រួលដល់ការធ្វើដំណើរផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ការធ្វើដំណើររបស់សិស្សានុសិស្សទៅសាលារៀន និងការធ្វើដំណើររបស់បងប្អូនទៅកាន់មន្ទីរពេទ្យ ជាពិសេសនៅគ្រាអាសន្ន ឬពេលយប់ព្រលប់ដោយពុំចាំបាច់ចំណាយពេលវេលា និងប្រាក់កាស ក្នុងការឆ្លងសាឡាង និងមានសុវត្ថិភាពខ្ពស់។
លើសពីនេះ គម្រោងខាងលើនឹងចូលរួមផងដែរក្នុងការលើកកម្ពស់ការតភ្ជាប់អាស៊ាន និងការតភ្ជាប់មហាអនុតំបន់មេគង្គ(GMS) និងអនុតំបន់មេគង្គឡាន-ឆាងផងដែរ។
ប្រជាពលរដ្ឋនៅខេត្តក្រចេះសម្តែងការសប្បាយរីករាយ និងរំពឹងថា ស្ពាននេះនឹងជួយសម្រួលដល់ការធ្វើដំណើរដឹកជញ្ជូនទំនិញផ្សេងៗ។
ស្ពានមិត្តភាពកម្ពុជា-ចិន មិនមែនគ្រាន់តែជាសំណង់បេតុងនោះទេ ប៉ុន្តែវាគឺជា “និមិត្តរូបនៃកិច្ចសហប្រតិបត្តិការ” ក្រោមក្របខណ្ឌនៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ (BRI)។ ជំនួយ និងឥណទានសម្បទានពីមិត្តចិន បានជួយឱ្យកម្ពុជាអាចពង្រីកសក្តានុពលហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនបានយ៉ាងឆាប់រហ័ស។
ការជិតរួចរាល់នៃស្ពានមេគង្គក្រចេះ គឺជាមោទនភាពថ្មីមួយទៀតសម្រាប់ប្រជាជនក្នុងតំបន់។ វានឹងបញ្ចប់ការរង់ចាំរាប់ទសវត្សរ៍នៃ “ទុក្ខលំបាកឆ្លងទន្លេ” ហើយជំនួសមកវិញនូវ “ក្តីសង្ឃឹម និងឱកាស” ថ្មីៗសម្រាប់អនាគត។
សូមបញ្ជាក់ថា ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះមួយខ្សែនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលសម្រេចប្រសិទ្ធនាមថា “ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ” តាមរយៈលិខិតលេខ ៩៨៥ សជណ.អស ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ របស់ទីស្តីការគណៈរដ្ឋមន្រ្តី។ ស្ពាននេះត្រើយខាងកើតស្ថិតក្នុង ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចស្ថិតក្នុង ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ មានប្រវែងសរុប ១.៧៦១ម៉ែត្រ។ ស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះ បានប្រើប្រាស់ឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដោយបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តមឯកអគ្គរដ្ឋទូតចិន វ៉ាង វិនធៀន អតីតឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា៕ដោយ៖តារា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច