ខេត្តសៀមរាប៖ ក្រោមប្រធានបទ «ខ្មែរជួយរកការងារឱ្យខ្មែរ ខ្មែរផ្តល់ការងារឱ្យខ្មែរ» វេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃសៅរ៍ ទី៣១ ខែមករា ឆ្នាំ២០២៦ នៅបរិវេណសាលាស្រុកស្រីស្នំ ខេត្តសៀមរាប ដើម្បីផ្ដល់ឱកាសការងារដល់បងប្អូនអតីតពលករមកពីប្រទេសថៃ និងយុវជនក្នុងមូលដ្ឋាន ឱ្យទទួលបានការងារធ្វើភ្លាមៗ និងចុះឈ្មោះរៀនជំនាញបច្ចេកទេស។
នាឱកាសនោះ លោក ងុយ រិទ្ធ រដ្ឋលេខាធិការ តំណាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់អនុវត្តតាមអនុសាសន៍សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលជានិច្ចកាលសម្ដេចតែងតែណែនាំឱ្យក្រសួងការងារ ដាក់ចេញនូវគោលនយោបាយគាំពារដល់បងប្អូនពលករ ដើម្បីឱ្យមានឱកាសការងារ និងអនាគតដ៏ភ្លឺស្វាងនៅក្នុងស្រុកកំណើត មិនចាំបាច់ចំណាកស្រុកទៅឆ្ងាយឡើយ។
លើសពីនេះ លោកក៏បានលើកទឹកចិត្តឱ្យយុវជន និងបងប្អូនពលករ ចាប់យកការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស (TVET ១,៥លាននាក់) ដើម្បីបង្កើនសមត្ថភាព និងទទួលបានប្រាក់ចំណូលកាន់តែខ្ពស់ផងដែរ។ លោកបានសង្កត់ធ្ងន់ថា៖ «សូមបងប្អូនជឿជាក់លើការងារក្នុងស្រុក ព្រោះវាជាគ្រឹះដ៏រឹងមាំសម្រាប់កសាងសេដ្ឋកិច្ចគ្រួសារ និងអនាគតដ៏កក់ក្ដៅបំផុត»។
លោកបានគូសបញ្ជាក់ថា ការផ្ដល់ឱកាសការងារ និងការបង្កើតមុខរបរជូនប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងមួយដែលសម្ដេចធិបតីយកចិត្តទុកដាក់បំផុត ដើម្បីធានាបាននូវជីវភាពសមរម្យ និងសន្តិសុខសង្គមជូនពលរដ្ឋគ្រប់រូបក្នុងគ្រប់កាលៈទេសៈ។
ទន្ទឹមនឹងនេះ លោកបានពន្យល់ណែនាំបងប្អូនប្រជាពលរដ្ឋដែលចូលរួម អំពីអត្ថប្រយោជន៍ដ៏ច្រើនលើសលប់សម្រាប់ការងារនៅក្នុងស្រុកតាមរយៈទទួលបានរបបសន្តិសុខសង្គម (ប.ស.ស.) ព្រមទាំងជួយឱ្យបងប្អូនបានរស់នៅជួបជុំគ្រួសារ មើលថែទាំកូន និងឪពុកម្ដាយ ជៀសផុតពីការកេងប្រវ័ញ្ចកម្លាំងពលកម្មខុសច្បាប់នៅក្រៅប្រទេស។
សូមបញ្ជាក់ថា វេទិកានេះ គឺជាជំនួបដ៏ធំ និងមានសារៈសំខាន់មួយ រវាងអ្នកស្វែងរកការងារ និងនិយោជក, បង្កើនការយល់ដឹងអំពីអត្ថប្រយោជន៍របបសន្តិសុខសង្គម (ប. ស. ស.) សម្រាប់កម្មករនិយោជិតពេលចូលបម្រើការងារនៅក្នុងស្រុក និងផ្សព្វផ្សាយ និងចុះឈ្មោះចូលរៀនវគ្គអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាពិសេស កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (១,៥លាននាក់)៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច