ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមចោរកាប់ប្លន់ម៉ូតូបែកកង់ចំនួន៤នាក់នៅខេត្តកណ្តាល ជាប់ខ្នោះរបស់ក្រុងតាខ្មៅ

ចែករំលែក៖

ខេត្តកណ្តាល ៖ ជនសង្ស័យជាក្រុមចោរកាប់ប្លន់ម៉ូតូចំនួន៤នាក់ ត្រូវបានកម្លាំងនគរបាលក្រុងតាខ្មៅបង្ក្រាបបាន ក្រោយប្លន់ម៉ូតូពីនារីជាកម្មកររោងចក្រម្នាក់ថែមទាំងពាក់ព័ន្ធករណីប្រើប្រាស់នូវសារធាតុញៀនខុស ច្បាប់ថែមទៀត ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៣ និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២៦ នៅចំណុចលើផ្លូវ៦០ម៉ែត្រ ភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

លោកវរសេនីយ៍ឯក យី វណ្ណដា អធិការក្រុងតាខ្មៅ បាន ឱ្យដឹងថា ជនរងគ្រោះឈ្មោះ សៅ ស៊ីណាត ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ជាកម្មការនីរោងចក្រ រស់នៅភូមិរលួស សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ចំណែកជនសង្ស័យមាន៤នាក់ ៖

១-ឈ្មោះ យាន រ៉ាយុទ្ធ ភេទប្រុស អាយុ២១ឆ្នាំទីលំនៅភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹងមុខរបរ មិនពិតប្រាកដ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលចំនួន១ឆ្នាំកន្លះ ក្នុងករណីអំពើលួចម៉ូតូ និងមានសារធាតុញៀន ក្នុងទឹកនោម ។ ២-ឈ្មោះ ស៊ឹម ប៊ុនណា ហៅតូច ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន) ធ្លាប់ជាប់ពន្ធនាគារចំនួន១ឆ្នាំនៅខេត្តតាកែវ ក្នុងករណីទទួលផលចោរកម្ម មានសារធាតុញៀនក្នុងទឹកនោម ។

៣-ឈ្មោះថា ជីវ័ន្ត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិជើងព្រៃទី៣ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ មានសារធាតុញៀនក្នុងទឹកនោម,៤-ឈ្មោះវិញ ស្រីនិច ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិប្រាសាទ ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ មិនពិត ប្រាកដ គ្មានសារធាតុញៀនក្នុងទឹកនោម អវិជ្ជមាន ។

ក្នុងនោះ សម្ភារៈដកហូតរួមមាន៖

១-ម៉ូតូ០១គ្រឿងម៉ាកហុងដា ឌ្រីម C១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៣ឡើងតែម២០២៥ ផ្លាកលេខ កំពង់ធំ 1S-9620 (របស់ជនរងគ្រោះ)។

២-ម៉ូតូ០១គ្រឿងម៉ាកWINNER ពណ៌ខ្មៅ លាយក្រហម គ្មានផ្លាកលេខ(របស់ជនសង្ស័យ)។

៣-ទូរស័ព្ទដៃចំនួន០៣គ្រឿង(របស់ជនសង្ស័យ)។

៤-កាំបិតកញ្ចែត០១ដងឬស្សីប្រវែង៥៧សង់ទីម៉ែត្រ(របស់ជនសង្ស័យ)។

តាមប្រភពព័ត៌មានពី ជនរងគ្រោះឱ្យដឹងថា មុនពេលកើតហេតុខ្លួនបានជិះម៉ូតូ ១គ្រឿងម៉ាកហុងដាសេ១២៥ ផលិតឆ្នាំ ២០២៣ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ធំ 1S-9620 មានគ្នាចំនួន០៣នាក់(ស្រីពីរប្រុសមួយ) ចេញពិកម្មវិធីខួបកំណើតមិត្តភ័ត្តិនៅឯផ្លូវវ៉េងស្រេង ក្នុងគោលបំណងទៅកាន់បន្ទប់ជួលវិញនៅសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

លុះដល់វេលាម៉ោង០៣ និង ២០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ខណះពេលជិះមកដល់ចំណុចផ្លូវ៦០ម៉ែត្រ ក៏ម៉ូតូបែកកង់ ពួកជនរងគ្រោះក៏បាននាំគ្នាចុះបណ្តើរពេលនោះ ក៏ស្រាប់តែលិចមុខក្រុមជនសង្ស័យ មានម៉ូតូ០២គ្រឿងម៉ាកអ៉ិចស៊ីងតឺ និងម៉ាកហុងដាសេ១២៥ មានគ្នាចំនួន០៤នាក់ស្រីម្នាក់ បានដកកាំបិតសំដៅមករកកាប់ពួកជនរងគ្រោះ ឃើញដូចនោះជនរងគ្រោះមានការភ័យខ្លាចផ្តួលម៉ូតូនាំគ្នារត់ចោលតែម្តង ចំណែកជនសង្ស័យបាននាំគ្នាលើកម៉ូតូជិះចេញទៅទាំងបែកកង់។ ក្រោយមកពួកជនរងគ្រោះបាននាំគ្នាមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ព្រែកហូរដើម្បីឲ្យជួយស្រាវជ្រាវរកជនសង្ស័យ ។

ក្រោយមកដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ កម្លាំងផ្នែកយុត្តិធម៌ក្រុងតាខ្មៅបានសហការជាមួយកម្លាំងផ្នែកយុត្តិធម៌ស្រុកកណ្តាលស្ទឹង ធ្វើការឃាត់ខ្លួនបានជន សង្ស័យទាំង០៤នាក់រួមទាំងវត្ថុតាងយកមកសួរនាំនិងចាត់ការតាមនីតិវិធី ។ នៅចំពោះមុខសមត្ថកិច្ចជន សង្ស័យបានឆ្លើយសារភាពថារូបខ្លួនពិជាបាននាំគ្នាធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស(កាប់ប្លន់ម៉ូតូ)របស់ជនរងគ្រោះខាងលើ ប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ កំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាកក្រុងតាខ្មៅ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងចាត់ការតាមនីតិវិធីច្បាប់ ៕


ចែករំលែក៖