ភ្នំពេញៈ តារាកំប្លែងបងប្អូន គឺនាយពែកមី និងនាយគ្រឿន បានធ្វើឲ្យគេចាប់អារម្មណ៍ជាថ្មី ជាមួយនឹងបទចម្រៀងថ្មីរបស់លោកគឺបទ«កំពូលល្ងង់នៅអាស៊ី» របស់ផលិតកម្ម Galaxy ។ ការលេចចេញការគាំទ្រនេះ គឺមុនពេលដែលខ្សែភាពយន្តខ្នាតធំលើកដំបូងរបស់ផលិតកម្មខាងលើ ត្រៀមខ្លួនចាក់បញ្ចាំងលើរោងភាពយន្ត ។
ការបង្ហាញបទចម្រៀងថ្មីក្នុងផលិតកម្ម Galaxyនេះ បានធ្វើឲ្យមានការសង្ស័យថា បងប្អូនតារាកំប្លែងរូបនេះ បានចាកចេញពីផលិតកម្មថោន ដើម្បីច្រៀងឲ្យផលិតកម្មថ្មី ប៉ុន្តែបើតាមការបញ្ជាក់របស់ពួកគេលើកឡើងថា គឺគ្រាន់តែជាការថតបទចម្រៀងសម្រាប់ដាក់បញ្ចូលក្នុងខ្សែភាពយន្តរឿង «កំពូលល្ងង់នៅអាស៊ី»ប៉ុណ្ណោះ ហើយពួកគេ ក៏មិនមែនជាតារាចម្រៀងកុងត្រាសម្រាប់ផលិតកម្មណាដែរ ។
លោក ឡេង ណាវ៉ាត់ត្រា ចាងហ្វាងផលិតកម្ម Galaxy បានអះអាងថា នាយពែកមី និងនាយគ្រឿន ទទួលច្រៀងបទនោះ នៅក្នុងផលិតកម្មរបស់លោក មិនមែនក្នុងន័យមកធ្វើជាតារាចម្រៀងរបស់ផលិតកម្មលោកនោះទេ គឺដោយសារតែតារាទាំងពីរជាតារាសម្ដែងក្នុងរឿង «កំពូលល្ងង់នៅអាស៊ី» ដែលផលិតកម្មរបស់លោកផលិតឡើងប៉ុណ្ណោះ។ យ៉ាងណាមិញ លោកថា បទនោះក្រៅពីដាក់ក្នុងភាពយន្ត ក៏នឹងដាក់បញ្ចូលក្នុងផលិតកម្មចម្រៀង ដើម្បីវាយលុកទីផ្សារសម្រាប់បទថ្មីរបស់ផលិតកម្មចម្រៀងដូចគ្នា ។
លោកនិយាយថា នាយពែកមី និងនាយគ្រឿន នៅតែជាតារាចម្រៀងរបស់ផលិតកម្មថោនដដែលទេ ប៉ុន្តែមកពីអ្នកទាំងពីរទទួលការអនុញ្ញាតឲ្យថតបទ «កំពូលល្ងង់នៅអាស៊ី» សម្រាប់ដាក់ក្នុងរឿង និងដើម្បីធ្វើបទថ្មីរបស់ផលិតកម្មចម្រៀង ទើបបទមួយនេះត្រូវបានច្រៀងឡើង។ លោកថា បទនេះ ជាស្នាដៃនិពន្ធថ្មីទាំងស្រុង ហើយដោយមានអត្ថន័យកំប្លុកកំប្លែងនោះផង ទើបស្នាដៃមួយនេះ ទទួលការគាំទ្រ រហូតមានការចាប់អារម្មណ៍ តារាទាំងពីរប្រហែលជារត់មកធ្វើជាតារាចម្រៀងផ្ដាច់មុខឲ្យផលិតកម្មរបស់លោកវិញ ។
លោកថា បទចម្រៀងមួយនេះ នឹងសម្រេចធ្វើ MV មួយថ្មី ដោយមិនស្រង់យកឈុតក្នុងរឿង «កំពូលល្ងង់នៅអាស៊ី» យកមកដាក់បែបនេះទៀតទេ ដើម្បីបទមួយនេះ កាន់តែមានការគាំទ្រនៅក្នុងវិស័យចម្រៀង ។ លោកនិយាយថា ដោយសារបទនេះ ជាបទថ្មីរបស់ផលិតកម្ម Galaxy ហើយតារាកំប្លែងទាំងពីរច្រៀង ទើបអ្នកខ្លះយល់ច្រឡំ ប៉ុន្តែការពិតលោកពែកមី និងគ្រឿន នៅតែជាតារាចម្រៀងរបស់ថោនដដែលទេ ។
លោកឡេង ណាវ៉ាត់ត្រា បានអះអាងថា បទ «កំពូលល្ងង់នៅអាស៊ី» មិនមែនជាបទទី១របស់ផលិតកម្ម Galaxy ដែលត្រូវបានមហាជនចាប់អារម្មណ៍នោះទេ ដ្បិតពេលកន្លងមកបទចំនួន៣ ដូចជាបទ «សង្សារស្រីខារ៉ាអូខេ» បទ «អច្ចារ្យស្នេហាអ្នកប្រដាល់» ច្រៀងដោយលោក ម៉ារ៉ា ប៊ុណ្ណា និងបទ «យល់តែអារម្មណ៍ខ្លួនឯង» ច្រៀងដោយរូបលោកផ្ទាល់ ក៏ទទួលបានការគាំទ្រដូចគ្នាបែបនេះផងដែរ ។ លោកថា ក្នុងពេលដ៏ខ្លី ខ្សែរឿង «កំពូលល្ងង់នៅអាស៊ី» ដែលថតជិតចប់នឹងត្រូវដាក់បញ្ចាំង ហើយបទ «កំពូលល្ងង់នៅអាស៊ី» ក៏នឹងមាន MV មួយថ្មីដាច់ដោយឡែកពីឈុតក្នុងរឿង ដើម្បីឆ្លើយតបនឹងការគាំទ្រនោះផងដែរ ។ ក្រោយការផលិតខ្សែភាពយន្តខ្នាតធំលើកដំបូងនេះ ផលិតកម្មនឹងចាក់បញ្ចាំងខ្សែភាពយន្តនេះនៅតាមរោងភាពយន្តនានានៅកម្ពុជាក្នុងពេលដ៏ខ្លីខាងមុខនេះ ៕ វឌ្ឍនា