ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោកលុយបញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តកំពង់ធំ៖ កាលពីរថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង ១០ព្រឹក កម្លាំងនគរបាលក្រុងស្ទឹងសែន បានទទួលពាក្យបណ្តឹង ពីប្រជាពលរដ្ឋចំនួន៩នាក់ មកពីស្រុកស្ទោង ខេត្តកំពង់ធំ ប្តឹងពីឈ្មោះ ប៊ុន ធឿន ភេទប្រុស អាយុ៥៧ឆ្នាំ អាស័យដ្ឋានភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ពីបទឆបោក លុយពីពួកគាត់ក្នុងម្នាក់២០ម៉ឺនរៀល ដើម្បីបានដីសម្បទានសង្គមកិច្ច ដែលមានដីសង់លំនៅឋានមួយកន្លែងទំហំ៣០ម៉ែត្រគុណនឹង៥០ម៉ែត្រ និងផ្ទះថ្ម១ល្វែង រួមនឹងដីចំការ២ហិចតាបន្ថែមទៀត ដែលមានទីតាំងស្ថិតនៅឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីបានទទួលបណ្តឹង កម្លាំងជំនាញបានស្រាវជ្រាវ រកឃើញថា ឈ្មោះប៊ុន ធឿន ដែលតាំងខ្លួនជាភ្នាក់ងារអង្គការសហគមន៍ព្រហ្មវិហារធម៌៧មករា អភិវឌ្ឍន៍ បានឆបោកលុយពីជនរងគ្រោះ កាលពីថ្ងៃទី៤ ខែតុលារឆ្នាំ២០១៦ រួមទាំងបានឆបោកលុយពីប្រជាពលរដ្ឋជាច្រើនផ្សេងទៀត ដែលមិនទាន់មកដាក់ពាក្យបណ្តឹង ហើយដីនៅភូមិសាស្រ្ត ឃុំមានរិទ្ធ ស្រុកសណ្តាន់ អាជ្ញាធរ នៅមិនទាន់បានផ្តល់ជាដីសម្បទានសង្គមកិច្ច ឲ្យអង្គការនេះនៅឡើយទេ ។

សមត្ថកិច្ចបញ្ជាក់ថា បើពិនិត្យលើអង្គហេតុ និងអង្គច្បាប់ នៅវេលាម៉ោង ១៥និង២២នាទី សមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ ប៊ុន ធឿន ដោយមានការសម្របសម្រួលពីលោក អ៊ីត សុធា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ធំ ។

ជនសង្ស័យត្រូវកម្លាំងជំនាញសាកសួរ នៅអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន និងកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្ត ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ៕ ប៊ុនរិទ្ធី

dw ff


ចែករំលែក៖