ខេត្តកណ្តាល÷ យុវជនម្នាក់ដែលកំពុងអង្គុយចាំលក់ថ្នាំញៀននៅចំណុចយឿត្រី ត្រូវបានកម្លាំងសមត្ថកិច្ចចុះល្បាតប្រទះឃើញក៏ឃាត់ខ្លួនរួមជាមួយវត្ថុតាងថ្នាំញៀនចំនួន១១កញ្ចប់។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១៨និង ០៥នាទី នៅចំណុចយឿត្រី ក្នុងភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ថូ គង្គា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រែកឡុង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ (មានសារធាតុញៀនក្នុងទឹកនោម)។ វត្ថុតាងដែលដកហូតបានរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ១១កញ្ចប់ (ទម្ងន់ ០,៦២ក្រាម)។
លោកអធិការបានបញ្ជាក់ថា នៅមុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាខ្ពស់បានចេញល្បាតក្នុងមូលដ្ឋាន។ លុះមកដល់ចំណុចកើតហេតុ ក៏ប្រទះឃើញជនសង្ស័យកំពុងអង្គុយ ដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ចក៏បានហៅសួរនាំនិងត្រួតពិនិត្យ រហូតរកឃើញថ្នាំញៀនចំនួន១១កញ្ចប់ ដែលជនសង្ស័យបានលាក់ទុកនៅក្នុងហោប៉ៅខោក្រោយខាងឆ្វេង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ថ្នាំញៀនទាំងនេះគឺជារបស់ឈ្មោះ ណាំ ភេទប្រុស អាយុប្រហែល ៣៦ឆ្នាំ ដែលបានយកមកផ្ញើឲ្យខ្លួនលក់បន្តក្នុងតម្លៃ១កញ្ចប់១ម៉ឺនរៀល។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនមកកាន់ផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច