ខេត្តកណ្តាល÷មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងនៅថ្ងៃទី០២ខែកុម្ភៈឆ្នាំ២០២៦នេះថា កូនប្រុសបង្កើតដែលជាមុខសញ្ញាញៀនថ្នាំម្នាក់ បានប្រើអំពើហិង្សាវាយឪពុកបង្កើតរបស់ខ្លួនឯងឲ្យរបួស និងថែម ទាំងយកពូថៅមកសំលៀង គំរាមកាប់សម្លាប់ចោល ដោយសារតែរឿងខឹងរកបាយហូបមិនបាន។ ហេតុ ការណ៍ដ៏ក្ដៅគគុកនេះ បានកើតឡើងកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ២១ និង ០០នាទី នៅចំណុចភូមិព្រែករកា ឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ វិន ណារ៉ុង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំកើតហេតុ (មានសារធាតុញៀនក្នុងទឹកនោម និងធ្លាប់ជាប់មណ្ឌលកែប្រែ ៤ខែ)។ ចំណែកឯជនរងគ្រោះត្រូវជាឪពុកបង្កើតមានឈ្មោះ គឹម រ័ត្ន ភេទ ប្រុស អាយុ៤៦ឆ្នាំ មុខរបរកសិករ។ វត្ថុតាងដែលដកហូតបានរួមមាន ពូថៅផ្លែដែកដងដៃ ១ (ប្រវែង ៦២សង់ទីម៉ែត្រ)។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ជនរង គ្រោះ និងក្រុមគ្រួសារបានចូលសម្រាកក្នុងផ្ទះ។ លុះ ដល់ម៉ោងកើតហេតុ ស្រាប់តែជនសង្ស័យបានរុញទ្វារចូលផ្ទះដើម្បីរកបាយហូប តែដោយសារមិនឃើញបាយម្ហូប ក៏ខឹងច្រឡោតយកចានឆ្នាំងបោកចោលទៅលើដី។ ឃើញបែបនេះ ជនរងគ្រោះជាឪពុកបាននិយាយណែនាំ តែជនសង្ស័យមិនស្តាប់បែរជាជេរប្រមាថឪពុកម្តាយថា «អា… មី… មិនទុកបាយឲ្យអញស៊ី» រួចស្ទុះទៅវាយឪពុកចំនួន ២ដៃ ចំត្រចៀក និងថ្ងាស បណ្ដាលឲ្យដួលទៅលើដី។
ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបានរត់ចេញទៅ ក្រៅ រួចត្រឡប់មកវិញប្រហែលកន្លះម៉ោងក្រោយ ដោយសំលៀងកាំបិតនឹងថ្មរបងផ្ទះ ព្រមទាំងស្រែកគំរាមថា៖ «ត្រូវសម្លាប់ហ្អែងចោល បើមិនថ្ងៃហ្នឹង គឺថ្ងៃក្រោយ» និងគំរាមដុតផ្ទះចោលទៀតផង ធ្វើឲ្យជនរងគ្រោះភ័យខ្លាចមិនហ៊ានតបត។
ដោយសារជនសង្ស័យធ្លាប់ប្រើហិង្សារហូតធ្វើឲ្យឪពុកបែកឆ្អឹងស្មា និងបំផ្លាញទ្រព្យសម្បត្តិជាញឹកញាប់ដោយ សារឥទ្ធិពលថ្នាំញៀន ជនរងគ្រោះទ្រាំលែងបានក៏សម្រេចចិត្តប្ដឹងសមត្ថកិច្ចនៅថ្ងៃទី៣០ មករា ២០២៦ ឲ្យចុះឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច