ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បានស្លាប់ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូទៅបុកជាមួយរថយន្ត

ចែករំលែក៖

ខេត្តបាត់ដំបង៖ បុរសម្នាក់បានស្លាប់ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូទៅបុកជាមួយរថយន្តនៅវេលាម៉ោង ០៤និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០២៦ នៅត្រង់ចំណុចមុខសណ្ឋាគារហ្វែររេស ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនះ ក្រុងបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា ករណីគ្រោះ ថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងរថយន្តម៉ាកកាំមារី ពណ៌សំបកឪឡឹក១គ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 2X-0287 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ទិសដៅពីលិចទៅកើត។ លុះមក ដល់ចំណុចកើតហេតុបានបត់ឆ្វេង ចំណែកម៉ូតូម៉ាក EXCITER ពណ៌ខ្មៅ (គ្មានផ្លាកលេខ) បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនស្ថិតក្នុងស្ថានភាពស្រវឹងស្រា ក្នុងទិសដៅពីកើតទៅលិចក៏បានជ្រុលទៅបុករថយន្តបណ្តាលអោយស្លាប់តែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យវាស់វែងធ្វើកំណត់ហេតុយកមធ្យោបាយទាំងពីរទៅរក្សាទុកនៅការិយាល័យចរាចរណ៍ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ចំណែកសាកសពត្រូវបានប្រគល់ឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕


ចែករំលែក៖