ភ្នំពេញ៖ ក្នុងសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោក ប៉ាង លីដា អភិបាលរង នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ នឹងធ្វើបទបង្ហាញចែករំលែកបទពិសោធ ជូនអង្គសន្និបាត អំពីប្រធានបទស្ដីពីការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ពិសេសបទពិសោធនៃការស្ដាររំដោះប្រឡាយលូ និងចិញ្ចើមផ្លូវ។
វត្តមានលោក ប៉ាង លីដា ក្នុងសន្និបាតក្រសួងមហាផ្ទៃ បានធ្វើឡើងតបតាមសំណូមពរ របស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងជំនួប កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥កន្លងទៅ។ កាលនោះ លោកអភិសន្តិបណ្ឌិត បានស្នើលោក ប៉ាង លីដា ត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ។
គួររំលឹកដែរថា ក្នុងជំនួបកាលនោះដែរ លោកអភិសន្តិបណ្ឌិត ស សុខា បានបង្ហាញក្ដីរំភើបក្ដុកក្ដួល ដ្បិតតែកន្លងមក លោកអភិសន្តិបណ្ឌិត បានឃើញ និងស្គាល់មន្ត្រីមូលដ្ឋានរូបនេះ តែតាមរយៈសកម្មភាព មូលដៃអាវ មូរជើងខោ ចុះដឹកនាំមន្ត្រីកាយប្រឡាយ ស្ដារលូរំដោះទឹក និងប្រើគ្រប់វិធីសាស្រ្ត ដើម្បីទទូចសុំពលរដ្ឋ សហការរំដោះចិញ្ចើមផ្លូវសាធារណៈជាដើម។
លោកអភិសន្តិបណ្ឌិត បានមានប្រសាសន៍ថា បញ្ហាសណ្ដាប់ធ្នាប់សាធារណៈនៅតាមមូលដ្ឋាន នឹងកាន់តែមានភាពប្រសើរឡើង ប្រសិនបើមានមន្ត្រីដូច លោក ប៉ាង លីដា កាន់តែច្រើន ពីព្រោះសកម្មភាពលោក បានផ្ដល់មេរៀន និងបទពិសោធជាច្រើន ជាពិសេសការប្រើពាក្យពេចន៍ និងវិធីសាស្រ្តដោះស្រាយនៅកន្លែងដែលមានបញ្ហាជាក់ស្ដែងផ្ទាល់ជាមួយពលរដ្ឋ។
បើតាមលោកអភិសន្តិបណ្ឌិត ស សុខា នៅតាមមូលដ្ឋានរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ផ្សេងៗទៀត ក៏មានមន្ត្រី រួមទាំងអភិបាលរងទទួលបន្ទុកការងារសណ្ដាប់ធ្នាប់សាធារណៈបានកំពុងទទួលដឹកនាំដោះស្រាយបញ្ហានេះជាប្រចាំដែរ។ សម្រាប់ករណីលោក ប៉ាង លីដា លោកអភិសន្តិបណ្ឌិត ចាត់ទុកជាបុគ្គលគំរូមួយរូប ដើម្បីជំរុញបន្ថែមទៀតនូវការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រី រួមទាំងបំផុសចលនាចូលរួមគាំទ្រពីប្រជាពលរដ្ឋដោយខ្វះមិនបាន។
សូមបញ្ជាក់ថាក្នុងសន្និបាត រយៈពេល២ថ្ងៃ គិតចាប់ពីថ្ងៃនេះតទៅ ក្រសួងមហាផ្ទៃ បានរៀបចំបទអន្តរាគមន៍ និងបទបង្ហាញចែករំលែកបទពិសោធ ប្រធានបទសំខាន់ៗរហូតដល់ទៅ១១ឯណោះ។ សន្និបាតនេះ នឹងប្រារព្ធពិធីបើកក្រោមអធិបតីភាព លោកអភិសន្តិបណ្ឌិត ស សុខា និងប្រារព្ធពិធីបិទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕ដោយ៖តារា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច