ខេត្តព្រះវិហ៊ារ : ក្រុមមន្រ្តីជំនាញរបស់ក្រសួងកសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ និងអធិការដ្ឋានស្រុករវៀង នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានចុះឃាត់ឡានដឹកជ្រូកមួយគ្រឿង នៅលើផ្លូវលេខ៩៥ ត្រង់ចំណុចភូមិថ្នល់កែង ឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ ដែលដឹកជ្រូករស់ចំនួន១៦០ក្បាល នាំចេញពីប្រទេសឡាវ មកកាន់កម្ពុជា តាមច្រកកំពង់ស្រឡៅ ខេត្តព្រះវិហារ ឆ្ពោះមកលក់ចែកចាយបន្តនៅតាមបណ្ដារាជធានីខេត្ត។
មន្រ្តីជំនាញអះអាងថា ការដឹកជញ្ជូននេះគ្មានលិខិតអនុញ្ញាតរបស់ក្រសួងកសិកម្មនោះទេ។ ចេះតែឆ្ងល់បើគ្មានលិខិតអនុញ្ញាត ហេតុអ្វី អាចនាំចូលតាមច្រកព្រំដែនបាន?
រឿងនេះមិនត្រូវចាប់ហើយ ចប់ត្រឹមហ្នឹងឡើយ ត្រូវស្រាវជ្រាវ ហើយមន្រ្តីដែលប្រចាំការនៅច្រកកំពង់ស្រឡៅ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
ដោយឡែកឈ្មួញដែលលួចនាំចូលនេះ មន្រ្តីជំនាញត្រូវស្នើសុំដីកាបញ្ជាឲ្យចូលខ្លួនរបស់តំណាងអយ្យការ មកទទួលខុសត្រូវតាមច្បាប់ជាធរមាន។
មកដល់ម៉ោងនេះហើយ សូមកុំអនុវត្តយកតែរូបភាព ត្រូវធ្វើឲ្យដល់ឫសគល់ចំពោះអ្នកពាក់ព័ន្ធ ទើបម្នាក់ៗរៀងចាល។
តាមការទទួលព័ត៌មានក្រៅផ្លូវការ, សត្វជ្រូកនេះអាចមិនមែននាំចូលពីឡាវនោះទេ អាចយកពីថៃ ហើយនាំចូលតាមឡាវ។ តែសូមមន្រ្តីជំនាញស៊ើបអង្កេតឲ្យម៉ឺងម៉ាត់ជាទីបំផុត។
ជាធម្មតា ! ការនាំចូលសត្វជ្រូកដោយគ្មានច្បាប់អនុញ្ញាត មិនត្រឹមតែបាត់បង់ចំណូលពន្ធរបស់រដ្ឋប៉ុណ្ណោះទេ អ្វីដែលគ្រោះថ្នាក់បំផុត គឺអាចប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ដែលជាអ្នកបរិភោគ ពីព្រោះថា ខាងជំនាញមិនបានពិនិត្យសុខភាពសត្វ ។ នេះជាបញ្ហាដែលត្រូវប្រឈម នឹងសុខភាព ។ ដូច្នេះសូមជំនាញ មន្ត្រីនគរបាលយុត្តិធម៌ ស៊ើបអង្កេត ស្រាវជ្រាវ រកឲ្យឃើញមេខ្លោង និងអ្នកពាក់ព័ន្ធ ដែលនាំចូលដោយខុសច្បាប់អនុវត្តតាមនីតិវិធី ៕
ដោយ : សិលា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច