ខេត្តតាកែវ៖ លោក កឹម ច័ន្ទធូ អនុប្រធាននាយកដ្ឋានផែនការនិងគម្រោងនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានចុះទៅពិនិត្យវឌ្ឍនភាពនៃការការសាងសង់ផ្លូវបេតុងមួយខ្សែប្រវែង ៦០៥ម៉ែត្រ តភ្ជាប់ពីភូមិតាននដល់ភូមិស្វាយខម ស្ថិតនៅក្នុងឃុំដូង ស្រុកបាទី ខេត្តតាកែវ ដែលកំពុងសាងសង់បានប្រមាណជាង៥០%នៃផែនការរបស់ខ្លួន ដែលគ្រោងនឹងឈានទៅដាក់ឱ្យដំណើរការនៅក្នុងអំឡុងពេលទទួលអំណរឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី នាខែមេសាខាងមុខនេះ។
លោក ប៉ាង សាម៉ឺឌី មេភូមិតានន ឃុំដូង ស្រុកបាទី ខេត្តតាកែវ បានជម្រាបថា ក្រោយការបើកការដ្ឋាននាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ផ្លូវបេតុងប្រវែង៦០៥ម៉ែត្រ និងទទឹង៥ម៉ែត្រដែលតភ្ជាប់ភូមិតានន (ភូមិគំរូមិត្តភាពកម្ពុជា-ចិន)មកភូមិស្វាយខម បានដំណើរការយ៉ាងសស្រាក់សស្រាំ ទាំងយប់ ទាំងថ្ងៃ ដើម្បីឆាប់បានបិទបញ្ចប់ការសាងសង់ និងផ្តល់មុខមាត់ថ្មី ព្រមទាំងភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាជនក្នុងភូមិតាននដែលធ្លាប់ជាភូមិដាច់ស្រយាលក្លាយជាមជ្ឈមណ្ឌលតភ្ជាប់ដ៏សំខាន់នៅជនបទ។ លោកបានបន្ថែមថា ភូមិតានននិយាយដោយឡែក ឃុំដូងទាំងមូលនិយាយរួមមានភ័ព្វសំណាងណាស់ដោយបានឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិលបានចុះមកជួយ ដោយបានផ្តល់ជាគតិ ជាការរួមចំណែកលើកកម្ពស់ជីវភាពរស់នៅកាន់តែប្រសើរ ហើយផ្លូវបេតុងនេះជាសក្ខីភាពថ្មីបន្ថែមលើសមិទ្ធផលរាប់មិនអស់ដែលឯកឧត្តមបានសាងសង់នៅក្នុងឃុំដូង ដោយហេដ្ឋារចនាសម្ព័ន្ធដែលជាអំណោយរបស់ឯកឧត្តមបាននិងកំពុងជំរុញល្បឿនៃសកម្មភាពសេដ្ឋកិច្ចមូលដ្ឋាន ដូចជា ការដឹកជញ្ជូនផលកសិកម្ម ការធ្វើពាណិជ្ជកម្មតូចធំ និងការចូលរួមរបស់វិស័យឯកជននៅតំបន់ជាយក្រុង និងជនបទផងដែរ។
លោក ណុប ទូច មេឃុំដូង បានទទួលស្គាល់ថា ផ្លូវបេតុងដែលជាអំណោយរបស់ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ពិតជាបានតភ្ជាប់សរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់នៃភូមិសាស្ត្រខេត្តកណ្តាលតាមភូមិតានន ឆ្ពោះទៅខេត្តតាកែវ បង្កើតជាច្រកថ្មីនៃចរាចរណ៍ដែលជួយកាត់បន្ថយពេលវេលា និងចំណាយដឹកជញ្ជូន បង្កើនប្រសិទ្ធភាពផលិតកម្ម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងភូមិ ឃុំ ស្រុក ខេត្តទាំងពីរ។ លោកបន្ថែមថា ប្រជាពលរដ្ឋទាំងអស់រស់នៅក្នុងឃុំដូងបានបង្ហាញការសាទរ និងការពេញចិត្តចំពោះសមិទ្ធផលនេះ ដោយចាត់ទុកថា ផ្លូវបេតុងថ្មីជាមូលដ្ឋានសម្រាប់អភិវឌ្ឍយូរអង្វែង ជួយបង្កើនការតភ្ជាប់សង្គម សេដ្ឋកិច្ច និងវប្បធម៌ រវាងសហគមន៍នានា។
លោក កឹម ច័ន្ទធូ បានពាំនាំប្រសាសន៍ណែនាំបន្ថែមពីឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ លើការងារអភិវឌ្ឍឃុំដូង និងបានជួបពិភាក្សាជាមួយរដ្ឋបាលឃុំដូង ប្រជាជនមូលដ្ឋាន និងក្រុមបច្ចេកទេសសាងសង់ផ្លូវបេតុងនេះ ដើម្បីធ្វើឱ្យប្រាកដពីគុណភាពរបស់ផ្លូវបេតុងនេះស្របតាមមាត្រដ្ឋានបច្ចេកទេសសំណង់ផ្លូវ និងគោរពបាននូវគុណតម្លៃនៃសរសៃឈាមចរាចរណ៍ និងភស្តុភារកម្មដ៏មមាញឹកតាមរយៈផ្លូវបេតុងនេះ។ លោកក៏បានរំលេចពីផលដែលផ្លូវបេតុងនេះបានជួយពន្លាតពីភូមិតាននដល់ភូមិក្បែរខាង ដោយក្លាយជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធដ៏មានអត្ថន័យ សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ និងជាសញ្ញាបង្ហាញពីវឌ្ឍនភាពជាក់ស្តែងនៃភូមិគំរូមិត្តភាពកម្ពុជា–ចិន៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច