ខេត្តកំពង់ឆ្នាំង៖ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ទីបំផុត សហគមន៍កសិកម្មទំនើបនៅក្នុងតំបន់សម្បទានដីសង្គមកិច្ច LASED III នៅឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលមានកញ្ចប់ទុនប្រមាណ ៥០ ម៉ឺនដុល្លារ ត្រូវបានបង្កើតឡើងជាផ្លូវការ។
លោក ឃឹម ហ្វីណង់ សហគមន៍ដែលទើបត្រូវបានបង្កើតឡើងជាផ្លូវការ នៅខេត្តកំពង់ឆ្នាំងនេះ មានឈ្មោះជាផ្លូវការថា «សហគមន៍កសិកម្មទំនើបប្រស្នឹបពន្លឺថ្មី» ដោយមានសមាជិកចំនួន ៥០ គ្រួសារ ដែលជាសហគមន៍កសិកម្មទំនើបកូនពៅផ្តោតទៅលើផលិតកម្មនៃដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ចំនួន ១០០ ខ្នង។
ក្រសួងកសិកម្ម នឹងធ្វើការគាំទ្រទៅលើទីផ្សារ បច្ចេកទេស ដើមទុន ជាដើម ដោយក្នុងនោះទុនវិនិយោគសរុបប្រមាណ ៥០ ម៉ឺនដុល្លារ មាន ៤០% ជាជំនួយឥតសំណងទៅកាន់សហគមន៍ និង ៦០% ទៀតជាកម្ចីឥណទានការប្រាក់ទាប ពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា។
ក្រសួងកសិកម្មសង្ឃឹមថានឹងមានវិនិយោគជាទុនកម្ចីប្រមាណ ៥០ ម៉ឺនដុល្លារ ដើម្បីជួយគាំទ្រដល់ប្រជាពលរដ្ឋនៅក្នុងតំបន់សម្បទានដីសង្គមកិច្ច ហើយការវិនិយោគនេះនឹងជួយប្រែក្លាយធ្វើឱ្យកសិករក្នុងគ្រួសារក្នុងមួយផ្ទះសំណាញ់អាចទទួលបាននូវប្រាក់ចំណេញទុក ១០០ដុល្លារ។
បន្ថែមពីនេះ លោកអ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា៖ «ចំនួននេះច្បាស់ណាស់ថាមិនអាចគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់បាននោះទេ ប៉ុន្តែវាជាចំណុចចាប់ផ្តើមមួយដែលល្អប្រសើរ ហើយអ្វីដែលយើងរំពឹងទុកទៅពេលខាងមុខទៀតគឺនៅពេលដែលសហគមន៍ឈរជើងរឹងមាំនៅទីនេះហើយ យើងនឹងអាចបង្កើតសកម្មភាពផ្សេងៗទៀតដើម្បីទ្រទ្រង់ទៅដល់ជីវភាពរបស់ពួកគាត់»៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច