ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការងារនាំក្រុមហ៊ុនចំនួន៦ ផ្តល់ឱកាសការងារចំនួន ១ ០៩១កន្លែងដោយផ្ទាល់ជូនអតីតពលករ និងអ្នករកការងារនៅក្រុងប៉ៃលិន

ចែករំលែក៖

ខេត្តប៉ៃលិន៖ ការផ្តល់ឱកាសការងារពីរោងចក្រ សហគ្រាសក្នុងវិស័យឧស្សាហកម្ម និងកសិកម្ម ធ្វើឡើងតាមរយៈ វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ៖ «ខ្មែរជួយរកការងារឱ្យខ្មែរ ខ្មែរផ្តល់ការងារឱ្យខ្មែរ» នៅបរិវេណវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត ប៉ៃលិន ក្នុងក្រុងប៉ៃលិន ខេត្តប៉ៃលិន នាថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ។

ជាមួយនឹងការចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស, អតីតពលករ និងយុវជនអ្នកស្វែងរកការងារប្រមាណ១ ១០០នាក់ អាចធ្វើការចុះឈ្មោះ ហើយទទួលឱកាសការងារក្នុងស្រុកភ្លាមៗនៅក្នុងមូលដ្ឋាន តាមរយៈរោងចក្រ សហគ្រាសទាំង៦ រួមមាន៖ រោងចក្រ វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) រោងចក្រ យ៉ាហ្សាគិ (ខេបូឌា)ប្រូដាក់ ក្រម ហ៊ុន វី អូ ភី ខូអិលធីឌី ក្រុមហ៊ុន ឆាយណាវ័រយាន ក្រុមហ៊ុន ហ៊ូយ ស៊ីន យ័ន និងក្រុមហ៊ុន ឡុងហ៊រ។ ក្នុងវេទិកានេះក៏មានសមាគម TAFTAC បានផ្សព្វផ្សាយពីឱកាសការងារសម្រាប់សមាជិករបស់ខ្លួន និងក្រុមហ៊ុន មង្គល អេចអ ដែលជាភ្នាក់ងារជ្រើសរើសរើសពលករទៅធ្វើការនៅប្រទេសជប៉ុនចូលរួមផងដែរ។

នាឱកាសនោះ លោក យឹម ស៊ីណន រដ្ឋលេខាធិការ តំណាងលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានសង្កត់ធ្ងន់ពីសារៈសំខាន់ នៃការធ្វើការងារក្នុងស្រុក ដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនស្របតាមបទប្បញ្ញត្តិជាធរមាន តាមរយៈរបបសន្តិសុខសង្គម (ប.ស.ស.) រួមមានផ្នែកថែទាំសុខភាព ផ្នែកសោធននិវត្តន៍ និងផ្នែកហានិភ័យការងារ។ ការងារក្នុងស្រុកមិនត្រឹមតែជួយឱ្យបងប្អូនបានរស់នៅជួបជុំក្រុមគ្រួសារ មើលថែទាំកូន និងឪពុកម្ដាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយការពារបងប្អូនឱ្យចៀសផុតពីការកេងប្រវ័ញ្ចកម្លាំងពលកម្មខុសច្បាប់នៅក្រៅប្រទេស និងបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិទៀតផង។

ទន្ទឹមនឹងនេះ ដើម្បីបង្កើនសមត្ថភាព និងទទួលបានប្រាក់ចំណូលខ្ពស់នាពេលអនាគត ឯកឧត្តមក៏បានលើកទឹកចិត្តដល់យុវជន និងអតីតពលករ ឱ្យចាប់យកការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស តាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញ ១,៥ លាននាក់ (TVET 1.5M) ដែលជាគោលនយោបាយចម្បងរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងគោលបំណងផ្តល់ជំនាញវិជ្ជាជីវៈយ៉ាងតិចមួយដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

ការនាំមកនូវឱកាសការងារជាង១ពាន់កន្លែងនេះ គឺជាផ្នែកមួយនៃវេទិកាការងារប្រចាំសប្តាហ៍ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានឱកាសការងារសរុបចំនួន ៨៧ ៣៦១កន្លែង នៅក្នុងរាជធានី-ខេត្ត សម្រាប់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករត្រឡប់មកពីប្រទេសថៃ។ រហូតមកដល់ពេលបច្ចុប្បន្ននេះ អតីតពលករត្រឡប់មកពីបរទេសប្រមាណជាង៣១ម៉ឺននាក់ហើយទទួលបានការងារធ្វើនៅក្នុងស្រុកតាមរយៈវេទិកានេះ។

សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានបំណងសាកសួរព័ត៌មានបន្ថែមអំពីឱកាសការងារ និងអត្ថប្រយោជន៍ផ្សេងៗ សូមទាក់ទងមកកាន់លេខទូរស័ព្ទ Hotline ១២៩៧ សម្រាប់ផ្នែកការងារ និងលេខ ១២៨៦ ដើម្បីទទួលបានព័ត៌មានលម្អិតអំពីអត្ថប្រយោជន៍ ប.ស.ស.៕

ដោយ៖តារា


ចែករំលែក៖