ភ្នំពេញ៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅទីស្តីការក្រសួង លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទទួលជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា នៃសភាពាណិជ្ជកម្មរបស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។
ជាក់ស្ដែងតបតាមការអញ្ជើញរបស់ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាឱកាសដែលលោកបានចូលរួមកិច្ចប្រជុំមហាសន្និបាតលើកទី២៦ នៃអង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism- 26th General Assembly) នៅរាជធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអ៊ូឌីត កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥, លោក WALEED NASSER ALSHEHRI ប្រធានក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា នៃសភាពាណិជ្ជកម្មរបស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា មកទស្សនកិច្ចនៅកម្ពុជា និងបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីសិក្សាស្វែងយល់អំពីកាលានុវត្តភាពវិនិយោគ សក្តានុពលទេសចរណ៍ ពាណិជ្ជកម្ម និងការធ្វើធុរកិច្ចនៅកម្ពុជា។
ក្នុងឱកាសនៃជំនួបប្រកបដោយលទ្ធផលផ្លែផ្កានេះ លោករដ្ឋមន្រ្តី រីករាយស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះគណៈប្រតិភូ ដែលអញ្ជើញមកកម្ពុជា តបតាមការអញ្ជើញរបស់លោករដ្ឋមន្រ្តី។ ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏បានជម្រាបជូនគណៈប្រតិភូអំពីកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ សុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ គោលនយោបាយអនុគ្រោះ និងលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញវិនិយោគិនបរទេស ក៏ដូចជាសក្តានុពលទេសចរណ៍វប្បធម៌ និងធម្មជាតិរបស់កម្ពុជា ដែលប្រទេសកម្ពុជា គឺជាគោលដៅទេសចរណ៍មានសុវត្ថិភាព មានភាពទាក់ទាញ និងមានភាពសម្បូរបែប។
ជាការឆ្លើយតប លោកប្រធានក្រុមប្រឹក្សាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលលោករដ្ឋមន្រ្តី បានអនុញ្ញាតជូនគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ព្រមទាំងជម្រាបជូនអំពីគម្រោងវិនិយោគ និងការពង្រីកវិសាលភាពពាណិជ្ជកម្ម និងការជំរុញទេសចរណ៍ របស់ក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា នៅព្រះរាជាណាចក្រកម្ពុជា។
លទ្ធផលនៃជំនួបនេះ នឹងបើកផ្លូវសម្រាប់រៀបចំដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធុរកិច្ចអារ៉ាប៊ីសាអូឌីតមកកម្ពុជា នាពេលខាងមុខ ដែលក្នុងនោះនឹងមានការចូលរួមពីធុរជនសំខាន់ៗជាច្រើនរូបមកពីវិស័យផ្សេងៗគ្នា។ ទន្ទឹមនឹងនេះ ការពិភាក្សាក៏ទទួលបានលទ្ធផលវិជ្ជមានជាច្រើន ដោយផ្តោតលើការជំរុញការវិនិយោគក្នុងវិស័យទេសចរណ៍, ជំរុញឱ្យមានការហោះហើរត្រង់រវាងកម្ពុជា-អារ៉ាប៊ីសាអូឌីត ព្រមទាំងរួមគ្នាផ្សព្វផ្សាយសក្តានុពលទេសចរណ៍ទៅវិញទៅមក ដើម្បីទាក់ទាញទេសចរពីអារ៉ាប៊ីសាអូឌីត ឱ្យមកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើនឡើង៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច