ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងរយៈពេលត្រឹមមួយយប់! កម្ពុជាចាប់បញ្ជូនជនជាតិចិន ១១០ នាក់ពាក់ព័ន្ធ«ឆបោកអនឡាញ»ត្រឡប់ទៅប្រទេសកំណើតវិញវិញ

ចែករំលែក៖

 ភ្នំពេញ៖ នាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា​ បានសហការយ៉ាងជិតស្និទ្ធជាមួយភាគីចិន ដោយ​អនុវត្តប្រតិបត្តិការចាប់បញ្ជូនជនជាតិចិនចំនួន ១១០ នាក់ ដែលពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រឡប់ទៅប្រទេសចិនវិញ កាលពីយប់ថ្ងៃទី ៧ ខែកុម្ភៈ តាមរយៈជើងហោះហើរពិសេស។ ក្នុងប្រតិបត្តការនេះ ប៉ូលីសចិនបានចូលរួមអមដំណើរ ដើម្បីធានាឱ្យការផ្ទេរជនសង្ស័យ តាមរយៈជើងហោះហើរ និងធានាថា នីតិវិធីចាកចេញផ្សេងៗ ប្រព្រឹត្តទៅដោយសុវត្ថិភាព មានសណ្តាប់ធ្នាប់ និងគោរពតាមច្បាប់ជាធរមាន។

ក្រោមការអន្តរាគមន៍យ៉ាងតឹងរ៉ឹងពីសំណាក់ភាគីសមត្ថកិច្ច កម្ពុជា-ចិន និង ក្រោមការត្រួតពិនិត្យតាមដាន ពីសំណាក់ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនប៊ីន ជនសង្ស័យទាំងអស់ត្រូវបានផ្ទេរពីកន្លែងស្នាក់នៅពួកគេទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីបំពេញនីតិវិធីផ្ទៀងផ្ទាត់អត្តសញ្ញាណ ការប្រគល់ខ្លួន និងការធ្វើដំណើរតាមយន្តហោះត្រឡប់ទៅស្រុកកំណើតវិញតាមក្រុមហ៊ុនអាកាសចរណ៍ Xiamen Airlines។

ឯកអគ្គរដ្ឋទូតចិន លោក វ៉ាង វិនប៊ីន នៅរសៀលថ្ងៃទី ៧ ខែកុម្ភៈ បានជួបពិភាក្សាជាមួយ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ដោយបានវាយតម្លៃខ្ពស់ចំពោះវិធានការបង្ក្រាបយ៉ាងម៉ឺងម៉ាត់របស់ភាគីកម្ពុជា និងបានបញ្ជាក់ការគាំទ្រយ៉ាងមុតមាំចំពោះកម្ពុជាក្នុងការបន្តបោសសម្អាតសកម្មភាពឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាលក្ខណៈទ្រង់ទ្រាយធំ។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ កម្ពុជាបានបន្តអនុវត្តប្រតិបត្តិការបណ្តេញ និងបញ្ជូនជនបរទេសមួយចំនួនធំត្រឡប់ទៅប្រទេសដើម រួមទាំងជនជាតិចិន ដែលសង្ស័យថាពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមបច្ចេកវិទ្យា។​ បច្ចុប្បន្ន នៅតែមានជនបរទេសមួយចំនួនធំកំពុងត្រូវបានឃុំខ្លួននៅមណ្ឌលអន្តោប្រវេសន៍ ដើម្បីរង់ចាំការបណ្តេញ និងការបញ្ជូនត្រឡប់ទៅប្រទេសវិញ ស្របតាមនីតិវិធីច្បាប់ជាធរមាន៕ដោយ​៖តារា​


ចែករំលែក៖