ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំលើកទី ១៦ រវាងគណបក្សប្រជាជនកម្ពុជា និងបក្សប្រជាជនបដិវត្តឡាវនាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦

ចែករំលែក៖

ភ្នំពេញ​៖​ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា និងការិយាល័យនយោបាយគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ដឹកនាំ ដោយ ឯកឧត្តម ថងលូន ស៊ីសូលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ បានជួបប្រជុំកំពូលលើកទី១៦ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ភាគីទាំងពីរបានជូនព័ត៌មានគ្នាទៅវិញទៅមកអំពីសភាពការណ៍ជាតិ តំបន់ និងអន្តរជាតិ ព្រមទាំង ចែករំលែកអំពីបទពិសោធន៍ និងសភាពការណ៍លេចធ្លោនៃគណបក្ស និងប្រទេសនីមួយៗ ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ ព្រមទាំងដាក់ទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការ រវាងគណបក្សទាំងពីរនៅឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់។

សម្តេចតេជោ បានអបអរសាទរដល់បក្សប្រជាជនបដិវត្តន៍ឡាវ ដែលបានរៀបចំមហាសន្និបាត លើកទី១២ ប្រកបដោយជោគជ័យ និងការបោះឆ្នោតជ្រើសតាំងសារជាថ្មី ឯកឧត្តម ថងលូន ស៊ីសូលីត ជា អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ។ គណបក្សប្រជាជនកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែល បក្ស រដ្ឋ និងប្រជាជនឡាវ សម្រេចបានប្រកបដោយមោទនភាព ដែលរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ច និងលំនឹងជីវភាពប្រជាជន និងការសម្រេចដាក់ចេញនូវគោលដៅក្លាយជាប្រទេសចំណូល មធ្យមកម្រិតខ្ពស់ និងឈានដល់ប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥៥។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ និងសម្តែងនូវការអបអរសាទរយ៉ាងក្រៃលែង ចំពោះការរីកចម្រើន ឥតឈប់ឈរនូវចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ លើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅ និងប្រកបដោយផ្លែផ្កា ស្របតាម «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ គង់វង្ស និងយូរអង្វែង»។

ភាគីទាំងពីរឯកភាពបន្តបង្កើនការផ្លាស់ប្តូរព័ត៌មាន សហការយ៉ាងជិតស្និទ្ធក្នុងការប្រយុទ្ធប្រឆាំងនឹង សកម្មភាពប្រឆាំងរបស់ពួកអមិត្ត ភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ជាពិសេសបទល្មើសឆបោក អនឡាញ ព្រមទាំងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាដូចជា ជំងឺឆ្លង ការប្រែប្រួលអាកាសធាតុ និង គ្រោះមហន្តរាយផ្សេងៗនៅតំបន់ព្រំដែន។

ភាគីទាំងពីរឯកភាពបន្តរួមគ្នាបង្កើនទំនាក់ទំនងសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ សង្គម សាសនា និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសដាក់គោលដៅជំរុញ ទំហំពាណិជ្ជកម្មទៅវិញទៅមកឱ្យបាន ៧០០លានដុល្លារ នៅឆ្នាំ២០៣០ និងបន្តជំរុញកិច្ចសហប្រតិបត្តិការលើ វិស័យថាមពល ជាពិសេសការបង្កើនពាណិជ្ជកម្មផ្នែកថាមពលអគ្គិសនី ព្រមទាំងបន្តជំរុញយ៉ាងខ្លាំងនូវ ការផ្សារភ្ជាប់ការអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្ស តាមទិសដៅយូរអង្វែង ដោយចាត់ទុកជាស្ពាន តភ្ជាប់ដ៏សំខាន់មួយដើម្បីភ្ជាប់យុវជនវ័យក្មេងរបស់ប្រទេសទាំងពីរ ស្របតាមស្មារតី «តភ្ជាប់យុវជន តភ្ជាប់ ជំនាន់ និងតភ្ជាប់ភាពជាអ្នកដឹកនាំ»។

ភាគីទាំងពីរបានឯកភាពបង្កើតព្រឹត្តិការណ៍សប្តាហ៍វប្បធម៌កម្ពុជា-ឡាវ នៅឆ្នាំ២០២៦ ឱ្យបានអធិកអធម នៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ។ ក្នុង ដើម្បីចូលរួមអបអរសាទរដល់ខួបអនុស្សាវរីយ៍លើកទី៧០ គោលដៅជំរុញទំនាក់ទំនងវប្បធម៌ ប្រវត្តិសាស្ត្រ និងទេសចរណ៍ ភាគីទាំងពីរនឹងចាត់តាំងឱ្យមានការសិក្សាអំពី វប្បធម៌ និងការរស់នៅរបស់ប្រជាជនតាមផ្លូវបុរាណអង្គរ-វត្តភូ ឆ្លងកាត់តំបន់ប្រាសាទព្រះវិហារ។

ភាគីទាំងពីរឯកភាពជំរុញការដោះស្រាយនិងបោះបង្គោលព្រំដែនដែលនៅសេសសល់ឱ្យបានឆាប់ ដើម្បី ទុកជាកេរ្តិ៍មរតកដល់កូនចៅជំនាន់ក្រោយនូវព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

ភាគីទាំងពីរប្តេជ្ញាការពារសាមគ្គីភាព មជ្ឈភាពអាស៊ាន និងគោលការណ៍ដោះស្រាយជម្លោះដោយសន្តិវិធី និងគោរពច្បាប់អន្តរជាតិ។ ទន្ទឹមនឹងនេះ កម្ពុជាបានថ្លែងអំណរគុណដល់មិត្តឡាវ ដែលបានចូលរួមជាមួយ សមាជិកអាស៊ានដទៃទៀត គាំទ្របទឈប់បាញ់រវាងកម្ពុជានិងថៃ និងបានចូលរួមចំណែកដល់បេសកកម្ម ក្រុមសង្កេតការណ៍អាស៊ាន ដើម្បីជួយធានាការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព។

ភាគីទាំងពីរនឹងបន្តសហការជិតស្និទ្ធ និងជួយគ្នាទៅវិញទៅមកក្នុងវេទិកាតំបន់ និងអន្តរជាតិ ជាពិសេស ក្របខណ្ឌអាស៊ាន និងមហាអនុតំបន់ទន្លេមេគង្គ ដើម្បីចូលរួមក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ក្នុងតំបន់ និងពិភពលោក។

ភាគីទាំងពីរបានឯកភាពរៀបចំកិច្ចប្រជុំកំពូលលើកទី១៧ រវាងគណបក្សទាំងពីរ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ នៅឆ្នាំ២០២៧ ខាងមុខ៕ដោយ៖តារា


ចែករំលែក៖