កោះតៃវ៉ាន់៖ បើតាមការចេញផ្សាយរបស់កាសែតVNExpress International បាននិយាយថា៖ កម្ពុជា នៅក្នុងខែមករា ឆ្នាំ២០២៦ បានវ៉ាដាច់កោះតៃវ៉ាន់ជាលើកដំបូង ក្លាយជាប្រភពទីផ្សារទេសចរណ៍ធំជាងគេលំដាប់ទី៣ របស់ប្រទេសវៀតណាម ជាមួយនឹងចំនួនភ្ញៀវទេសចរដល់ទៅ ២២៣,០០០ នាក់ ដែលកើនឡើងបីដងធៀបនឹងខែធ្នូឆ្នាំមុន។ យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានស្ថិតិវៀតណាម កោះតៃវ៉ាន់បានធ្លាក់ពីចំណាត់ថ្នាក់លេខ៣ មកលេខ៦ វិញ ជាមួយនឹងចំនួនភ្ញៀវត្រឹមតែ ១០១,០០០ នាក់។
អ្នកជំនាញទេសចរណ៍បានសន្និដ្ឋានថា កំណើនដ៏គំហុករបស់ភ្ញៀវទេសចរខ្មែរនេះ គឺដោយសារកត្តាភូមិសាស្ត្រជិតគ្នា តម្លៃធ្វើដំណើរធូរថ្លៃ ការលើកលែងទិដ្ឋាការក្នុងតំបន់អាស៊ាន និងការតភ្ជាប់ជើងហោះហើរយ៉ាងមមាញឹក ដោយក្នុងនោះក្រុមហ៊ុន Air Cambodia បានពង្រីកជើងហោះហើររហូតដល់ ១០ ជើងក្នុងមួយថ្ងៃ ទៅកាន់គោលដៅសំខាន់ៗដូចជា ពីភ្នំពេញ ទៅ Cam Ranh Da Nang និងកោះ Phu Quoc ហើយក៏គ្រោងនឹងបើកខ្សែហោះហើរថ្មីពីសៀមរាប ទៅ Cam Ranh នៅពាក់កណ្តាលឆ្នាំ២០២៦ ផងដែរ។
ក្នុងចំណោមទីផ្សារទេសចរណ៍សំខាន់ៗវៀតណាម កូរ៉េខាងត្បូងបានវ៉ាដាច់ប្រទេសចិនក្លាយជាប្រភពទេសចរណ៍លេខ១ ជាមួយនឹងចំនួនជិត ៤៩០,០០០ នាក់ ខណៈដែលចិនស្ថិតនៅលេខរៀងទី២ មានចំនួន ៤៦០,០០០ នាក់ រីឯរុស្ស៊ី និងសហរដ្ឋអាមេរិក ស្ថិតនៅលំដាប់ថ្នាក់លេខ៤ និងលេខ៥ បន្ទាប់ពីប្រទេសកម្ពុជា៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច