ខេត្តកំពត៖នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦ លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រាច បានដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យការចាក់ដីដើម្បីសាងសង់ទីស្នាក់ការសហគមន៍នេសាទកោះគ្រឹស្នា-លក ស្ថិតនៅភូមិស្លាបតាអោន ឃុំស្វាយទងខាងត្បូង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិត សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត។
យោងតាមផឹកផ្លូវការរបស់រដ្ឋបាលស្រុកកំពង់ត្រាចបានឲ្យដឹងថា ជាមួយគ្នានេះ លោកអភិបាលស្រុកបានជួបសំណេះសំណាលជាមួយបងប្អូនប្រជានេសាទ ដែលពួកគាត់គ្រប់រូបរីករាយសាទរទទួលយកនូវសមិទ្ធផលថ្មីរបស់សហគមន៍ ជាពិសេសជាសមិទ្ធផលដែលជម្រុញឲ្យសហគមន៍នេសាទនេះ រីកចម្រើនឆ្ពោះទៅមុខ និងផ្ដល់នូវផលន្រយោជន៍ដ៏មហាសាលជូនពួកគាត់ក្នុងការបង្កើតមុខរបរបម្រើសេវាកម្មទេសចរណ៍ប្រកបដោយចីរភាព។
នាឱកាសនោះបងប្អូនប្រជានេសាទគ្រប់រូប សូមគោរពថ្លែងអំណរគុណ ឯកឧត្តមបណ្ឌិត សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ព្រមទាំង ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត ក្រុមការងារពិសេស ដឹកនាំដោយ លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែលបានខ្នះខ្នែង យកចិត្តទុកដាក់ជម្រុញឲ្យការសាងសង់ទីស្នាក់ការសហគមន៍ខាងលើនេះ ទទួលបានលទ្ធផលសម្រេចនាពេលដ៏ខ្លីខាងមុខ៕

ដោយ៖ចន្ទ លីហ្សា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច