ប្រទេសអូស្ត្រាលី៖ ប្រធានព្រឹទ្ធសភាប្រចាំនៅរដ្ឋ Victoria លោក Bruce Atkinson បានសរសើរកម្ពុជាថា ជាប្រទេសដែលមានប្រវត្តិសាស្ត្រដ៏សម្បូរបែបនិងមានវប្ប ធម៌ល្អអស្ចារ្យ។
លោកបញ្ជាក់ថា បច្ចុប្បន្នមានមនុស្សដែលនៅបន្តរិះគន់រដ្ឋាភិបាលនៅក្នុងប្រទេស កម្ពុជាហើយក្នុងនាមជាអ្នកនយោបាយ របស់រដ្ឋលោកមិនគាំទ្រខាងណានោះទេ ព្រោះកម្ពុជាមិនមែនជាប្រទេសរបស់លោក ហើយលោកមិនមានមតិយោបល់ អំពីកម្ពុជាឡើយ ។
ការលើកឡើងរបស់លោក Bruce Atkinson គឺនៅក្នុងពេលដែលលោកបាន អញ្ជើញចូលរួមពិសាអាហារសាមគ្គីមហាគ្រួសារខ្មែរនៅទីក្រុង Melbourne ប្រទេស អូស្ត្រាលីកាលពីចុងសប្តាហ៍មុន គ្រាដែលប្រជាពលរដ្ឋខ្មែរជាង៦០០នាក់បានជួបជុំគ្នាស្វាគមន៍លោក ហ៊ុន ម៉ាណែត ។
នៅក្នុងប្រសាសន៍របស់លោក Bruce ប្រមាណជាង១១នាទីក្នុងឱកាសនោះត្រូវគេឃើញថា ពុំបានលើកឡើងដូចអ្វីដែល វិទ្យុអាស៊ីសេរីផ្សាយព័ត៌មានបំផ្លើសថា ការណ៍ដែលលោកBruce ចូលរួមជាមួយ លោក ហ៊ុន ម៉ាណែត នោះគឺដើម្បីឆ្លៀត ឱកាសបញ្ជូនសារទៅកាន់រដ្ឋាភិបាលរាជធានីភ្នំពេញឲ្យគោរពសិទ្ធិមនុស្សនិងច្បាប់ទម្លាប់ដែលការពិតលោក Bruce បាន បញ្ជាក់ថា «ប្រទេសកម្ពុជាបានចំណាយពេលដ៏យូរគួរសម ដើម្បីងើបផុតពីសម័យកាលដ៏ខ្មៅងងឹតនោះ។ ថ្មីៗនេះខ្ញុំបានធ្វើ ដំណើរទៅប្រទេស រ៉្វាន់ដា ហើយខ្ញុំភ្ញាក់ ផ្អើលចំពោះការផ្សះផ្សាជាតិនៅទីនោះ២០ឆ្នាំក្រោយការដួលរលំនៃរបបប្រល័យពូជសាសន៍នៅប្រទេសនោះ» ។
លោកបន្តថា «ថ្ងៃនេះមានមនុស្សដែលនៅបន្តរិះគន់រដ្ឋាភិបាលនៅក្នុងប្រទេស កម្ពុជា ហើយក្នុងនាមជាអ្នកនយោបាយ របស់រដ្ឋខ្ញុំមិនគាំទ្រខាងណានោះទេ។ កម្ពុជាមិនមែនជាប្រទេសរបស់ខ្ញុំ ដូច្នេះខ្ញុំមិនមានមតិយោបល់អំពីកម្ពុជាទេ» ។
សូមជម្រាបថា ដំណើរបេសកកម្មរបស់ លោក ហ៊ុន ម៉ាណែត មកកាន់ប្រទេស អូស្ត្រាលីរយៈពេល៦ថ្ងៃមកនេះគឺបាន ទទួលការស្វាគមន៍ភ្លូកទឹកភ្លូកដី ពិសេស អាជ្ញាធរតាមតំបន់នីមួយៗនៃប្រទេស អូស្ត្រាលីបានស្វាគមន៍ក្រុមការងារលោក ហ៊ុន ម៉ាណែត ទាំងក្នុងពិធីពិសាអាហារ សាមគ្គីក៏ដូចជាជំនួបពិភាក្សាការងារផងដែរ។ លោក ហ៊ុន ម៉ាណែត និងក្រុមការងារ យុវជននឹងបំពេញទស្សនកិច្ចនៅក្រៅ ប្រទេសរយៈពេល១៣ថ្ងៃ ។
ដំណើរទស្សនកិច្ចនៅអូស្ត្រាលីនិង ប្រទេសនូវ៉ែលហ្សេឡង់នាពេលនេះបន្ទាប់ពីដំណើរចុងក្រោយដែលបានធ្វើនៅសហរដ្ឋអាមេរិក និងប្រទេសកាណាដាដើម្បីការសាកសួរសុខទុក្ខប្រជាពលរដ្ឋខ្មែរនិងអ្នកគាំទ្រនៅក្រៅប្រទេសតាមការអញ្ជើញរបស់ប្រជាពលរដ្ឋខ្មែរដែលនៅក្រៅស្រុកទាំងនោះ។ ដំណើរទស្សនកិច្ចនៅអូស្ត្រាលីនឹង បញ្ចប់នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ហើយបន្តទៅកាន់ប្រទេសនូវ៉ែលហ្សេឡង់ថែមទៀត ៕