ព័ត៌មានទាន់ហេតុការណ៍៖

Heineken គ្រោងកាត់បន្ថយការងាររហូតដល់ 6,000 មុខតំណែង ខណៈតម្រូវការស្រាបៀរធ្លាក់ចុះ

ចែករំលែក៖

ក្រុមហ៊ុនផលិតស្រាបៀរ Heineken បានប្រកាសនៅថ្ងៃពុធថា ខ្លួននឹងកាត់បន្ថយការងាររហូតដល់ 6,000 មុខតំណែង ពីកម្លាំងការងារសកល និងកំណត់ការរំពឹងទុកកំណើនប្រាក់ចំណេញសម្រាប់ឆ្នាំ 2026 ទាបជាងការរំពឹងទុកមុន ដោយសារតែតម្រូវការស្រាបៀរចុះខ្សោយ។

ការកាត់បន្ថយនេះស្មើនឹងប្រហែល 7% នៃបុគ្គលិកសរុបប្រហែល 87,000 នាក់ របស់ក្រុមហ៊ុន ដែលជាក្រុមហ៊ុនផលិតស្រាបៀរលំដាប់ទី 2 នៅលើពិភពលោកតាមតម្លៃទីផ្សារ។ ពេលនេះក្រុមហ៊ុនក៏កំពុងស្វែងរក នាយកប្រតិបត្តិថ្មី (CEO) បន្ទាប់ពីការលាលែងភ្លាមៗរបស់ Dolf van den Brink កាលពីខែមករា។

ក្រុមហ៊ុនដែលផលិតម៉ាកស្រាបៀរ Tiger និង Amstel រួមទាំង Heineken បានសន្យាថានឹងជំរុញកំណើនខ្ពស់ជាមួយធនធានតិចជាងមុន ដើម្បីឆ្លើយតបទៅនឹងអ្នកវិនិយោគដែលមិនពេញចិត្ត និងគិតថាក្រុមហ៊ុនមានប្រសិទ្ធភាពយឺតជាងគេ។ ខណៈពេលដូចគ្នា ការលក់ក្នុងវិស័យស្រាបៀរទាំងមូលកំពុងខ្សោយ ដោយសារស្ថានភាពហិរញ្ញវត្ថុអ្នកប្រើប្រាស់តានតឹង និងអាកាសធាតុមិនល្អថ្មីៗនេះ។

ក្រុមហ៊ុនប្រកួតប្រជែង Carlsberg ក៏បានប្រកាសកាត់បន្ថយការងារ ខណៈក្រុមហ៊ុនផលិតស្រា និងស្រាបៀរផ្សេងៗកំពុងកាត់បន្ថយចំណាយ លក់ទ្រព្យសម្បត្តិ និងបន្ថយការផលិត បន្ទាប់ពីការលក់យឺតអស់រយៈពេលជាច្រើនឆ្នាំ។

ភាគហ៊ុន Heineken បានកើនឡើងប្រហែល 4% នៅម៉ោង 08:18 GMT ហើយកើនប្រហែល 7% ចាប់តាំងពីចុងឆ្នាំ 2025។

ក្រៅពីតម្រូវការខ្សោយ វិស័យស្រាបៀរក៏ប្រឈមមុខនឹងហានិភ័យរយៈពេលវែង ដូចជា ការព្រមានសុខភាពកើនឡើង ការប្រកួតប្រជែងពីផលិតផលជំនួស និងផលប៉ះពាល់ពីថ្នាំបន្ថយទម្ងន់។

Heineken រំពឹងថាកំណើនប្រាក់ចំណេញឆ្នាំ 2026 នឹងមានត្រឹម 2% ដល់ 6% ខណៈឆ្នាំ 2025 បានណែនាំកំណើន 4% ដល់ 8%។ Carlsberg ក៏បានព្យាករណ៍កំណើនឆ្នាំ 2026 ក្នុងកម្រិតដូចគ្នា៕


ចែករំលែក៖