ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី១០ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិជ្រាបថា ចាប់តាំង ពីបទឈប់បាញ់រវាងកម្ពុជា និងថៃ ចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក ភាគីទាំងសងខាងពុំបានផ្ទុះ អាវុធដាក់គ្នានោះឡើយ។ ក៏ប៉ុន្តែ កម្ពុជាបានតាមដាន និងកត់ត្រាទុកនូវសកម្មភាពមិនស្មោះត្រង់ជាបន្តបន្ទាប់របស់ ភាគីថៃ។ ក្រសួងមហាផ្ទៃ បានកំពុងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ខិតខំដោះស្រាយកិច្ចការអាទិភាពដើម្បី ជួយដល់ប្រជាពលរដ្ឋ ព្រមទាំងស្តារឡើងវិញរាល់ការខូចខាត លើតំបន់ស៊ីវិល។ ក្រសួងមហាផ្ទៃ សូមផ្តល់ជូនបច្ចុប្បន្ន ភាពនៃសភាពការណ៍ជារួម គិតពីម៉ោង៦ព្រឹក ថ្ងៃទី១០ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ដូចខាងក្រោម៖ ១-ស្ថានភាពពលរដ្ឋភៀសសឹក៖ មានពលរដ្ឋភៀសសឹក១.២៤០នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅ លំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានជាង៥សែន៦ម៉ឺននាក់ ឬជាង ៨៧% បានវិលត្រឡប់ទៅលំនៅឋានវិញ។ នៅមានពលរដ្ឋចំនួន៨២.៣០៦នាក់ទៀត (ស្ត្រី៤៣.២៨៣នាក់ និង កុមារ២៧.៦៦៧នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញ។

២-ការបន្តបិទផ្អាកសេវាសាធារណៈជាមូលដ្ឋាន៖ ខេត្តឧត្តរមានជ័យ មានសាលារៀន១៤ និងមន្ទីរពេទ្យ/ មណ្ឌលសុខភាព៧ បន្តបិទផ្អាក។ ខេត្តបន្ទាយមានជ័យ មានសាលារៀន៥ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព១ បន្ត បិទផ្អាក។ ខេត្តព្រះវិហារ មានសាលារៀន២៩ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព១៤ នៅបន្តបិទផ្អាក។

៣-ការខូចខាតហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល៖ គិតចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥មក ការខូចខាតទ្រព្យ សម្បត្តិសាធារណៈ និងឯកជន ពុំទាន់មានរបាយការណ៍ថ្មីបន្ថែមលើករណីដែលក្រសួងបានកត់ត្រាទុកនៅឡើយទេ។

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា គាំទ្រពេញទំហឹងលើការតវ៉ាដាច់អហង្ការរបស់រាជរដ្ឋាភិបាលចំពោះ យោធាថៃ ដែលបានធ្វើសកម្មភាពជាបន្តបន្ទាប់ ផ្ទុយពីខ្លឹមសារនៃសេចក្តីប្រកាសរួម កិច្ចប្រជុំពិសេសលើកទី៣នៃ គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ក្រសួង ក៏សូមគោរពស្ញប់ស្ញែងដ៏ខ្ពង់ខ្ពស់ចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានសង្កត់ធ្ងន់យ៉ាងម៉ឺងម៉ាត់ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ថា ព្រំដែនកម្ពុជា-ថៃ គឺជាព្រំដែនអន្តរជាតិរវាងរដ្ឋ និងរដ្ឋ និងដែលរាជរដ្ឋាភិបាលប្តេជ្ញាការពារអធិបតេយ្យ បូរណភាពទឹកដី និងប្រជាជន ទាំងបច្ចុប្បន្ន និងអនាគត ដោយផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមាន ស្រាប់របស់ភាគីទាំងពីរ ដោយមិនទទួលស្គាល់ដាច់ខាត ការកាន់កាប់ទឹកដីគ្រប់រូបភាពតាមរយៈការប្រើកម្លាំងខុសច្បាប់។

ក្នុងន័យនេះ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមអំពាវនាវមិត្តអាស៊ាន មិត្តបរទេស និងអង្គការ សហប្រជាជាតិ បន្តចូលរួមគាំទ្រការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ តាមគោលការណ៍សន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពសម្រាប់ប្រជាជនទាំងសងខាង ក្នុងតំបន់ និងសកលលោក។ យើងក៏សូមអំពាវនាវ ជនរួមជាតិរួបរួមគាំទ្រ និងជឿជាក់លើការដឹកនាំរបស់ សម្តេចមហាបវរធិបតី ដើម្បីដោះស្រាយបញ្ហាព្រំដែនតាម គោលការណ៍សន្តិវិធី ច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងជាធរមាន និងសូមរក្សាស្មារតីរួមមួយថា ជម្លោះទឹកដីនេះ ពិតជាបង្កការឈឺចាប់ ប៉ុន្តែយើងមិនត្រូវដួលដោយសារការឈឺចាប់អាច់ខាត ផ្ទុយទៅវិញគឺត្រូវប្រែក្លាយការ ឈឺចាប់នេះឱ្យទៅជាភាពរឹងមាំនៃជាតិ និងប្រជាជនយើង៕

ដោយ៖សិលា


ចែករំលែក៖