ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញហាមដាច់ខាតមិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសំឡេងផ្ទុះក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិននិងមិនឱ្យមានការលេងល្បែងស៊ីសងគ្រប់ប្រភេទ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីណែនាំ ដោយហាមដាច់ខាតមិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសំឡេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន និងមិនឱ្យមានការលេងល្បែងស៊ីសងគ្រប់ប្រភេទ។ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននិងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញសូមធ្វើការណែនាំដល់មន្ទីរ អង្គភាព ខណ្ឌ សង្កាត់ សមាគម អង្គការមិនមែនរដ្ឋាភិបាល រោងចក្រ សហគ្រាស ក្រុមហ៊ុន និងសាធារណជនក្នុងរាជធានីភ្នំពេញដូចតទៅ៖ ទី១-ហាមដាច់ខាតមិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសំឡេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះ មិនឱ្យមានការលេងល្បែងស៊ីសងគ្រប់ប្រភេទ មិនឱ្យមានការហែក្បួនផ្សេងៗទាំងបែបសាសនា ឬប្រពៃណីដែលគ្មានការអនុញ្ញាត។ ២- នៅគ្រប់ទីកន្លែងកម្សាន្តសប្បាយនានា មន្ទីរអង្គភាព សមាគម អង្គការមិនមែនរដ្ឋាភិបាល រោងចក្រ សហគ្រាស ក្រុមហ៊ុន គេហដ្ឋាន ត្រូវរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សេចក្តីថ្លៃថ្នូរ និងត្រូវប្រុងប្រយ័ត្នក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ។ ដោយឡែកការដុតក្រដាសសែន ត្រូវប្រើធុងដែកឬឆ្នាំងដីដើម្បីធ្វើការដុត ហាមដាច់ខាតមិនឱ្យដុតលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវ សាធារណៈឡើយ។ ៣- ចាប់ពីពេលនេះតទៅអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុត កុំឱ្យមានការនាំចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទតាមច្រកចូលរាជធានីភ្នំពេញ និងត្រូវត្រួតពិនិត្យដកហូតវត្ថុទាំងនេះដែលមានតាំងលក់នៅតាមទីផ្សារ និងនៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ។ ៤-រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរ និងអង្គភាពជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ត្រូវផ្សព្វផ្សាយណែនាំដល់មន្ត្រីរាជការ កងកម្លាំងក្រោមឱវាទនិងប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យអនុវត្តតាមការណែនាំ នេះឱ្យមានប្រសិទ្ធភាព។ ៥- មន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញត្រូវអញ្ជើញបណ្តាសមាគមចិន និងវៀតណាម ដើម្បីផ្សព្វផ្សាយនូវខ្លឹមសារខាងលើឱ្យបានទូលំទូលាយ ៕

ដោយ៖សំរិត


ចែករំលែក៖