ព័ត៌មានទាន់ហេតុការណ៍៖

ប្រកាសចូលកាន់តំណែងអភិបាលស្រុកតាវែងថ្មី ជំរុញការបម្រើប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព និងតម្លាភាព…!!!?

ចែករំលែក៖

ខេត្តរតនគិរី៖ នៅព្រឹកថ្ងៃពុធ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលនៃគណៈអភិបាលស្រុកតាវែង ដែលប្រារព្ធធ្វើឡើងក្នុងបរិយាកាសស្មើភាព និងគោរពតាមនីតិវិធីច្បាប់។

យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បានសម្រេចផ្ទេរភារកិច្ចមន្ត្រីរាជការចំនួន២រូបក្នុងខេត្តរតនគិរី ដូចតទៅ៖

១- លោក ហេង សាវឿន ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៣ ត្រូវបានផ្ទេរពីអភិបាលនៃគណៈអភិបាលស្រុកវើនសៃ មកកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកតាវែង។

២- លោក សុវណ្ណ ធិន ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ១ ត្រូវបានផ្ទេរពីអភិបាលនៃគណៈអភិបាលស្រុកតាវែង ទៅកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកវើនសៃ។

លោកអភិបាលខេត្ត បានមានប្រសាសន៍ថា ការតែងតាំងនិងផ្ទេរភារកិច្ចនេះ គឺអនុវត្តទៅតាមគោលការណ៍ និងនីតិវិធីច្បាប់ដែលបានកំណត់សម្រាប់អាណត្តិរបស់គណៈអភិបាលក្រុង ស្រុក ដោយផ្អែកលើតម្រូវការងារ និងប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋបាលដែនដី។

លោកបានផ្ដាំផ្ញើដល់អភិបាលស្រុកតាវែងថ្មី ឲ្យបន្តខិតខំបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ ដាក់ផលប្រយោជន៍ជាតិនិងប្រជាពលរដ្ឋជាធំ ពង្រឹងកិច្ចសហការជាមួយស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ឲ្យមានភាពសាមគ្គីនិងប្រសិទ្ធភាព។

ជាពិសេស ត្រូវលើកកម្ពស់ការផ្តល់សេវាសាធារណៈឲ្យបានឆាប់រហ័ស ទាន់ពេលវេលា ប្រកបដោយតម្លាភាព និងគណនេយ្យភាព។

លោកអភិបាលខេត្តក៏បានណែនាំឲ្យថ្នាក់ដឹកនាំស្រុកចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋឲ្យបានញឹកញាប់ ដើម្បីស្វែងយល់អំពីសុខទុក្ខ បញ្ហាប្រឈម និងតម្រូវការជាក់ស្តែងនៅមូលដ្ឋាន ដោយយកការបម្រើប្រជាពលរដ្ឋជាគោលដៅស្នូលក្នុងការអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែរីកចម្រើន៕

ដោយ៖ជីវ័ន្ត


ចែករំលែក៖