ភ្នំពេញ៖ ក្នុងរយៈពេល ៥ ថ្ងៃជាប់ៗគ្នា កម្លាំងសមត្ថកិច្ចជំនាញរបស់កម្ពុជា បានបញ្ជូនជនជាតិចិនសរុប ១៣៧៩ នាក់ ដែលសង្ស័យពាក់ព័ន្ធនឹងបទល្មើស Online Scam បន្ទាប់ពីធ្វើការបង្រ្កាប និងឃាត់ខ្លួនយ៉ាងសកម្ម បន្ដពីរាជរដ្ឋាភិបាលតឹងរឹងលើបទល្មើស Online Scam ដោយវិធានការបោសសម្អាតបណ្តើរ និងបណ្តេញចេញបណ្តើរ។
យោងតាមរបាយការណ៍ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ថ្ងៃទី៧ បណ្តេញ ១១០ នាក់, ថ្ងៃទី៨ បណ្តេញ ៣១២ នាក់ , ថ្ងៃទី៩ ដល់ថ្ងៃទី១១ ក្នុងមួយថ្ងៃៗ បណ្តេញ ៣១៩ នាក់។មនុស្សជាច្រើនផ្សេងទៀត នៅតែត្រូវបានឃុំខ្លួនបណ្តោះអាសន្ន និង កំពុងស្ថិតក្រោមការស៊ើបអង្កេត តាមនីតិវិធីច្បាប់ មុនធ្វើមាតុភូមិនិវត្តន៍ជាបន្តបន្ទាប់។
ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី ប៉ូលីសចិន បានមកចូលរួមសហការជាមួយអាជ្ញាធរកម្ពុជា ដើម្បីធានាដំណើរការផ្ទេរ និង ចាកចេញរបស់សង្ស័យជនជាតិចិនដែលពាក់ព័ន្ធនឹងបទល្មើស Online Scam ប្រកបដោយសុវត្ថិភាព និងមានរបៀបរៀបរយ។
នៅពេលដូចគ្នា ប្រតិបត្តិការបោសសំអាតបទល្មើស Online Scam របស់អាជ្ញាធរកម្ពុជានៅតែបន្ត ដូចភ្លៀងរលឹម។ ថ្ងៃទី១០ ខែកុម្ភៈ ប៉ូលីស បានឆ្មក់ចូលអគារកាស៊ីណូមួយកន្លែង នៅក្រុងព្រះសីហនុ ចាប់ខ្លួនជនបរទេសប្រហែល ៨០៥ នាក់ ដែលសង្ស័យពាក់ព័ន្ធ Online Scam។មុននឹងទៀត នៅថ្ងៃទី៣១ ខែមករា ប៉ូលីសក៏បានចាប់ជនបរទេស ២,០៤៤ នាក់ នៅក្រុងបាវិត ខេត្តស្វាយរៀង។
គួររម្លឹកថា បេីតាមការបញ្ជាក់ពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ធ្លាប់មានប្រសាសន៍ថា ក្រសួងមហាផ្ទៃ បានដាក់ផែនការបោសសម្អាតបទល្មើសឆបោកតាមអនឡាញឱ្យអស់ត្រឹមខែមេសា៕ដោយ៖តារា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច