ព័ត៌មានទាន់ហេតុការណ៍៖

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្រគល់បណ្ណកម្មសិទ្ធិ និងផ្ទះថ្មីជូនសម្បទានិក ជិត ៣០០គ្រួសារ នៅស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង ៖ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងផ្ទះសម្បទានសង្គមកិច្ចជូនដល់ប្រជាពលរដ្ឋជាសម្បទានិក នៅទីតាំងដីសម្បទានសង្គមកិច្ច ក្នុងភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក។

នាឱកាសនោះលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់លោកឧបនាយករដ្ឋមន្ត្រី និងបានជម្រាបជូនអំពីវឌ្ឍនភាពនៃគម្រោងដីសម្បទានសង្គមកិច្ចក្នុងខេត្ត ដោយលោកបានបញ្ជាក់ថា ក្តីសង្ឃឹម និងភាពកក់ក្តៅបានរះឡើងកាន់តែត្រចះត្រចង់សម្រាប់បងប្អូនប្រជាពលរដ្ឋជាអតីតយុទ្ធជន និងនិវត្តន៍ជនខណៈដែលពួកគាត់ទទួលបាននូវកម្មសិទ្ធិដីធ្លីស្របច្បាប់ និងជម្រកដ៏រឹងមាំពីរាជរដ្ឋាភិបាល។ សមិទ្ធផលដែលបងប្អូនទទួលបាននាថ្ងៃនេះ គឺជាផ្លែផ្កាដែលកើតចេញពីកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្ត។

លោក ប៉េង ពោធិ៍សា បានបន្ថែមថា ក្នុងនាមអាជ្ញាធរដែនដីសូមប្តេជ្ញាបន្តគាំទ្រ និងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ដីសម្បទាននេះ ឱ្យកាន់តែរីកចម្រើន ដើម្បីប្រែក្លាយទីនេះទៅជាសហគមន៍គំរូមួយ ដែលមានទាំងសន្តិសុខ ជីវភាព និងសេចក្តីសុខសាន្ត។ លោកក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋឱ្យខិតខំថែរក្សាផ្ទះសម្បែង និងប្រើប្រាស់ដីធ្លីដែលទទួលបាន ឱ្យអស់សក្តានុពល ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ។

ក្នុងឱកាសនោះលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា នេះគឺជាសក្ខីភាពនៃក្តីមេត្តា និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ជម្រកដ៏កក់ក្តៅ និងបណ្ណកម្មសិទ្ធិដីធ្លីជូនដល់គ្រួសារដែលត្រូវការបំផុត។ ពិធីប្រគល់បណ្ណកម្មសិទ្ធិ និងផ្ទះសម្បទានសង្គមកិច្ចជូនសម្បទានិកនាពេលនេះ គឺដើម្បីពង្រឹងសិទ្ធិកាន់កាប់ដីធ្លី និងលើកកម្ពស់កម្រិតជីវភាពឱ្យកាន់តែប្រសើរឡើង គោលនយោបាយដីធ្លីត្រូវបានជំរុញយ៉ាងសកម្ម ដើម្បីធានាថា «ប្រជាពលរដ្ឋគ្រប់រូបរស់នៅដោយភាពកក់ក្តៅ និងមានសុវត្ថិភាពផ្លូវច្បាប់លើអចលនវត្ថុរបស់ខ្លួន»។

ជាមួយគ្នានេះលោក សាយ សំអាល់ បានថ្លែងនូវការកោតសរសើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងក្រុមការងារបច្ចេកទេស ដែលបានខិតខំសម្រេចកិច្ចការនេះជូនប្រជាពលរដ្ឋ។ លោកបានបញ្ជាក់ថា ការផ្តល់ដី និងផ្ទះនាពេលនេះ គឺជាការអនុវត្តតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ និងបង្កើនលំនឹងជីវភាពជូនប្រជាជន។ យើងចង់ឃើញបងប្អូនមានសេចក្តីសុខ មានដីបង្កបង្កើនផល និងមានផ្ទះសំបែងរស់នៅសមរម្យ ដើម្បីរួមគ្នាកសាងសហគមន៍ឱ្យកាន់តែរីកចម្រើន។”

លោក សាយ សំអាល់ បានសង្កត់ធ្ងន់ថា ការផ្តល់ដី និងផ្ទះ គឺជាការអនុវត្តតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ដើម្បីកាត់បន្ថយភាពក្រីក្រ និងបង្កើនលំនឹងជីវភាពជូនប្រជាជន និងបានលើកទឹកចិត្តឱ្យបងប្អូនសម្បទានិកទាំងអស់ រួមកម្លាំងគ្នាបង្កបង្កើនផល និងរស់នៅដោយសាមគ្គីភាព ក្នុងភូមិករថ្មីដ៏មានសក្តានុពលនេះ។

ក្នុងឱកាសដ៏មានអត្ថន័យនេះ ប្រជាពលរដ្ឋដែលជាអ្នកទទួលផល បានសម្តែងនូវក្តីរំភើបរីករាយជាអនេក និងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ដែលតែងតែនៅជាប់ជាមួយប្រជាពលរដ្ឋ និងផ្តល់នូវកាដូដ៏មានតម្លៃបំផុតសម្រាប់ជីវិតពួកគាត់ គឺ «កម្មសិទ្ធិដីធ្លី និងផ្ទះសម្បែង»។

នាឱកាសនោះដែរលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានអញ្ជើញផ្តល់កិត្តិយសចែកជូន វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ជំហានទី២)៖ ចំនួន ១៨៤ បណ្ណ ជូនដល់សម្បទានិក ដើម្បីធានានូវសិទ្ធិកាន់កាប់ដីធ្លីស្របច្បាប់ជាស្ថាពរ។ ផ្ទះ និងដីឡូត៍លំនៅឋាន (ជំហានទី៣) ចំនួន ៩១ខ្នងផ្ទះ ជូនដល់គ្រួសារដែលត្រូវការជម្រកពិតប្រាកដ៕


ចែករំលែក៖