ព័ត៌មានទាន់ហេតុការណ៍៖

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រាប់លោក Alan Bowman អំពីការវិវត្តនាពេលថ្មីៗនេះពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ និងបានថ្លែងអំណរគុណប្រទេស កាណាដា ចំពោះការគាំទ្រកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាពក្នុងជម្លោះព្រំដែននេះ

ចែករំលែក៖

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យ លោក Alan Bowman អគ្គនាយក ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានី នៃក្រសួងការបរទេសកាណាដា ចូលជួបសម្តែងការ គួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង ក្នុងអំឡុងពេលដែលឯកឧត្តមអញ្ជើញមកបំពេញ ទស្សនកិច្ចការងារនៅកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីកម្ពុជា-កាណាដា លើកទី២ ។

នៅក្នុងជំនួប លោកឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក Alan Bowman សម្រាប់ការធ្វើដំណើរទស្សនកិច្ចការងារមកកម្ពុជា និងបានកត់សម្គាល់ដោយការ ពេញចិត្តនូវសន្ទុះកើនឡើងនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ លោកឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យនៃកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទីមួយ រវាងក្រសួងការ បរទេសនៃប្រទេសទាំងពីរ និងសង្ឃឹមថា កិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទីពីរ នឹងទទួលបានលទ្ធផល ប្រកបដោយផ្លែផ្កាបន្ថែមទៀត។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ភាគី កាណាដាសម្រាប់ការគាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីឆ្នាំ២០២៦ ព្រមទាំងបាន ជម្រាបពីវឌ្ឍនភាពនៃការងារត្រៀមរៀបចំកិច្ចប្រជុំកំពូលនេះផងដែរ។

លោក Alan Bowman បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា កិច្ចពិគ្រោះយោបល់ ទ្វេភាគីលើកទីពីរនេះ នឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត និងបាន សម្តែងការគាំទ្រជាថ្មីចំពោះកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី។ លោក ក៏ បានគូសបញ្ជាក់ការប្តេជ្ញាខ្ពស់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់កាណាដា ក្នុងការអញ្ជើញចូលរួមកិច្ចប្រជុំ កំពូលនេះនៅទីក្រុងភ្នំពេញ ព្រមទាំងបានបង្ហាញការត្រៀមខ្លួនរួចរាល់ ដើម្បីជួយគាំទ្រកម្ពុជាក្នុង ការរៀបចំកិច្ចប្រជុំកំពូលនេះ តាមរយៈបទពិសោធន៍របស់កាណាដាក្នុងការរៀបចំកិច្ចប្រជុំកំពូលធំៗ ជាច្រើនកន្លងមក។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានជម្រាបជូន លោក Alan Bowman អំពីការវិវត្តនាពេលថ្មីៗនេះពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ និងបានថ្លែងអំណរគុណប្រទេស កាណាដា ចំពោះការគាំទ្រកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាពក្នុងជម្លោះព្រំដែននេះ៕

ដោយ៖តារា


ចែករំលែក៖