កំពង់ធំ ៖ លោក នួន ផារ័ត្ន អភិបាល នៃគណៈអភិបាល ខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានណែនាំដល់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក យកចិត្តទុកដាក់លើការងាររក្សាសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពនៅក្នុងមូលដ្ឋាន ជាពិសេសការអនុវត្តតាមបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការបោសសម្អាតការប្រមូលផ្តុំឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មិនឱ្យកើតមានក្នុងខេត្តកំពង់ធំជាដាច់ខាត។
លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ មានប្រសាសន៍លើកឡើងបែបនេះនៅក្នុងកិច្ចប្រជុំប្រចាំខែ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំប្រាសាទតោ។
លោក អភិបាលខេត្ត បានលើកឡើងថា ថ្វីត្បិតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មិនទាន់កើតមានក្នុងមូលដ្ឋានខេត្តកំពង់ធំក្តី តែត្រូវ ទាមទារឱ្យមន្ត្រីអនុវត្តច្បាប់ត្រូវត្រៀមលក្ខណៈគិតគូរ និងមានវិធានការបង្ការនិងទប់ស្កាត់ឱ្យមានប្រសិទ្ធភាពបានទាន់ពេលវេលាជាមុន ព្រោះរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការម៉ឺងម៉ាត់និងមុតស្រួចបំផុតដល់ជនល្មើស និងអ្នកជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។
លោកអភិបាលខេត្តរូបនេះ បានបន្ថែមថា បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការប្រយុទ្ធប្រឆាំងបទល្មើសនានា គឺដើម្បីធានាដល់ការរស់នៅដោយសុខសាន្តរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរ និងសុវត្ថិភាពសង្គមឱ្យមានប្រសិទ្ធភាព៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច