ព័ត៌មានទាន់ហេតុការណ៍៖

អាសូណាស់.! បុរសម្នាក់ជិះម៉ូតូចេញពីធ្វើការត្រឡប់ទៅផ្ទះ ត្រូវរថយន្តមិនស្គាល់ម៉ាកបើកបុកពីក្រោយបណ្ដាលឲ្យខ្ទាតចូលក្រោមកង់រថយន្តដឹកទំនិញកិនស្លាប់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈពេលដែលកំពុងជិះម៉ូតូចេញពីធ្វើការត្រឡប់ទៅផ្ទះត្រូវរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបើកស្របគ្នាមកបុកពីក្រោយពេញទំហឹងបណ្ដាលឱ្យខ្ទាតជនរងគ្រោះចូលទៅក្រោមកង់រថយន្តដឹកទំនិញកិនពីលើចំក្បាល ហើយរថយន្តបង្កបានបើកគេចខ្លួនបាត់ស្រមោល។ 

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨:៣០នាទីយប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវទំនប់កប់ស្រូវក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

  តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ពណ៌ខ្មៅមួយគ្រឿងពាក់ ផ្លាក លេខ ភ្នំពេញ 1KR-8113  ជិះម្នាក់ឯងធ្វើដំណើរតាមបណ្តោយផ្លូវទំនប់កប់ស្រូវទិសដៅពីត្បូងទៅជើង លុះពេលជិះមកដល់ចំណុចកើតហេតុខាងលើក៏បានឡើងវ៉ាស្តាំដៃរថយន្តដឹកទំនិញមួយគ្រឿងពណ៌សពាក់ស្លាកលេខ ភ្នំពេញ 3A-7451 បើកបរនៅពីមុខ ភ្លាមនោះដែរស្តាប់តែគេឃើញមានរថយន្តមួយគ្រឿងមិនចាំស្លាកលេខនិងមិនស្គាល់ម៉ាកធ្វើដំណើរមកពីក្រោយស្របទិសគ្នាពីត្បូងទៅជើហក្នុងល្បឿនលឿនមកបុករុញម៉ូតូជនរងគ្រោះពីក្រោយពេញទំហឹងបណ្តាលឲ្យជ្រុលម៉ូតូទៅបុករថយន្តដឹកទំនិញបន្តចំណែកឯជនរងគ្រោះដួលខ្ទាតក្បាលចូលកង់រថយន្តដឹកទំនិញខាងក្រោយផ្នែកខាងស្តាំកិនស្លាប់យ៉ាងរន្ធត់ហើយរថយន្តដែលបង្កមុនបានបើករត់គេចខ្លួនបាត់ស្រមោល។

    ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍ចុះមកដល់វាស់វែងយកម៉ូតូជនរងគ្រោះនិងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្តោះអាសនកនចំណែកឯសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើតខេត្តព្រៃវែងតាមប្រពៃណី៕ ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖