ព័ត៌មានទាន់ហេតុការណ៍៖

ទុស្សេខ្សែភ្លើង ឆេះផ្ទះមួយខ្នងហ្មត់ទាំងកណ្ដាលយប់នៅស្រុកសង្កែ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ លំនៅឋានដ៏ធំមួយខ្នង ដែលធ្វើពីឈើប្រក់ស័ង្កសី ត្រូវបានអគ្គិភ័យលេបយកអស់ទាំងស្រុង កាលពីវេលាម៉ោង៩យប់ថ្ងៃទី១៧ កុម្ភៈ ស្ថិតនៅចំណុចភូមិរាំងកេសី ឃុំរាំងកេសី ស្រុកសង្កែ ដែលម្ចាស់ផ្ទះអះអាងថា បណ្ដាលមកពីការទុស្សេចរន្តអគ្គិសនី។

មន្ត្រីពន្លត់អគ្គិភ័យបានរាយការណ៍ថា លំនៅឋាននោះ ធ្វើពីឈើប្រក់ស័ង្កសី មានទំហំ៧ម៉x៩ម៉ ដែលមានម្ចាស់ឈ្មោះ ទន់ លី ភេទប្រុស អាយុ៦៣ឆ្នាំ ។ អគ្គិភ័យនេះ បានឆាបឆេះយ៉ាងលឿន ដែលក្រុមជួយសង្គ្រោះមិនអាចជួយអន្តរាគមន៍ទាន់ពេលវេលា ។

បើតាមមន្ត្រីជំនាញដែលបានស្រង់សម្ដីជនរងគ្រោះដែលជាម្ចាស់ផ្ទះបាននិយាយថា អគ្គិភ័យនេះបានផ្ដើមចេញពីការទុស្សេខ្សែចរន្តអគ្គិសនី ។ វាបានកើតឡើងយ៉ាងខ្លាំង និងឆាប់រហ័ស ដែលជនរងគ្រោះ និងអ្នក ជួយអន្តរាគមន៍មិនអាចជួយរំដោះទ្រព្យសម្ប្តត្តិចេញពីក្នុងផ្ទះបានឡើយ ពោលគឺឆេះអស់ទាំងស្រុងតែម្ដង ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច៖ ក្រៅពីផ្ទះមួយខ្នងត្រូវខូចខាតទាំងស្រុង ទ្រព្យសម្បត្តិផ្សេងៗទៀត ដែលនៅក្នុងផ្ទះក៏ក្លាយជាផេះដែរ ក្នុងនោះ មានទាំងលុយសុទ្ធចំនួន៤លានរៀលផង តែពុំមានគ្រោះថ្នាក់ដល់មនុស្សទេ ។

យ៉ាងណា ទំហំនៃការខាតបង់សរុប គេមិនពុំទាន់ដឹងនៅឡើយទេ ព្រោះមន្ត្រីជំនាញកំពុងសាកសួរជនរងគ្រោះនៅឡើយ ៕


ចែករំលែក៖