ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ០៩និង៣០នាទី មានករណីអគ្គិភ័យមួយកើតឡើង បណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋ១ខ្នង ម្ចាស់ ផ្ទះឈ្មោះ សាំ សុន ភេទប្រុស អាយុ៣៦ឆ្នាំ ដែលមានទីតាំងស្ថិតនៅក្នុងភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ករណីអគ្គិភ័យនេះបណ្តាលឲ្យខូចខាតផ្ទះចំនួន១ខ្នងទាំងស្រុង ដែលមានទំហំ៨គុណនឹង៤ម៉ែត្រ ថ្មក្រោមឈើលើដំបូកប្រក់ក្បឿង រួមទាំងខូចខាតសម្ភារៈប្រើប្រាស់មួយចំនួនផងដែរ ដោយមូលហេតុបណ្តាលមកពី ឆ្លងចរន្តអគ្គិសនី ទើបបង្កឱ្យមានអគ្គិភ័យឆាបឆេះកើតឡើងតែម្តង។
ក្រោយពីទទួលបានព័ត៌មានពីករណីអគ្គិភ័យនេះភ្លាម លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចាត់កម្លាំង ជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចុះពន្លត់អគ្គិភ័យ នេះ ដោយប្រើប្រាស់ រថយន្តពន្លត់អគិ្គភ័យ សរុបចំនួន ០៦គ្រឿង ប្រើប្រាស់ទឹកអស់សរុបអស់ចំនួន ០៥រថយន្ត ក្នុងនោះរួមមាន៖ រថយន្ដពន្លត់អគ្គិភ័យ នៃស្នងការនគរបាលខេត្តចំនួន ០៣គ្រឿង, រថយន្តពន្លត់អគ្គិភ័យ នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ចំនួន០១ គ្រឿង, រថយន្តពន្លត់អគ្គិភ័យ នៃកងរាជអាវុធហត្ថខេត្ត ចំនួន០១គ្រឿង, រថយន្ដពន្លត់អគ្គិភ័យ នៃអាជ្ញាធរជាតិអប្សរា ចំនួន ០១គ្រឿង ទើបអាចគ្រប់គ្រងស្ថានការណ៍អគ្គិភ័យនេះឲ្យរលត់ទៅវិញ នៅវេលាម៉ោង ១០និង ៣០នាទី ថ្ងៃខែឆ្នាំដដែរ។
ស្នងការដ្ឋាននគរបាលខេត្តសៀមរាប សំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាប្រុងប្រយ័ត្នគ្រប់វិនាទីចំពោះដើមហេតុ ដែលអាចបង្កឲ្យកើតមានអគ្គិភ័យកើតឡើងដូចជា ភ្លើងទៀន ភ្លើងធូប ភ្លើងចង្ក្រាន ភ្លើងចង្កៀង រំសេវជាតិផ្ទុះ ប្រេងឥន្ធនៈ ឧស្ម័នចំហេះ សារធាតុគីមីដែលជាវត្ថុងាយឆេះ និងបច្ចេកទេសក្នុងការតប្រព័ន្ធបណ្តាញអគ្គិសនីជាដើម និងសូមចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចជំនាញ ក្នុងការអនុវត្តវិធានការទប់ស្កាត់កុំឲ្យមានគ្រោះ ថ្នាក់អគ្គិភ័យកើតឡើង៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច