ក្លឹប Feyenoord របស់ប្រទេសហូឡង់បានផ្លាស់ទីកន្លែងហ្វឹកហាត់ទៅកាន់ប្រទេសប៊ែលហ្សិកសម្រាប់សប្ដាហ៍នេះ ជំនួសទីក្រុង Rotterdam ដើម្បីឲ្យកីឡាករ Raheem Sterling អាចហ្វឹកហាត់ជាមួយមិត្តរួមក្រុមថ្មីបាន។
Sterling បានចូលរួមជាមួយ Feyenoord កាលពីសប្ដាហ៍មុន បន្ទាប់ពីចាកចេញពី Chelsea ដោយការព្រមព្រៀងរួមគ្នា ប៉ុន្តែគាត់មិនអាចហ្វឹកហាត់ ឬលេងនៅប្រទេសហូឡង់បានទេ រហូតដល់ទទួលបានលិខិតអនុញ្ញាតការងារ។
គ្រូបង្វឹក Robin van Persie បាននិយាយថា ក្រុមបានផ្លាស់ទីទៅហ្វឹកហាត់នៅទីក្រុង Tubize ដែលស្ថិតចម្ងាយប្រហែល 137 គីឡូម៉ែត្រពី Rotterdam ដើម្បីឲ្យខ្សែប្រយុទ្ធវ័យ 31 ឆ្នាំរូបនេះ អាចសម្របខ្លួនជាមួយមិត្តរួមក្រុមបានឆាប់រហ័ស។
Feyenoord គ្រោងត្រឡប់ទៅទីក្រុង Rotterdam វិញបន្ទាប់ពីការហ្វឹកហាត់ថ្ងៃពុធ ហើយសង្ឃឹមថា Sterling នឹងទទួលបានលិខិតអនុញ្ញាតទាន់ពេលសម្រាប់ការប្រកួតក្នុងផ្ទះទល់នឹងក្រុម Telstar នៅថ្ងៃអាទិត្យ។
Sterling ដែលធ្លាប់លេងឲ្យ Manchester City, Liverpool និង Arsenal ក៏ទទួលបានការចាប់អារម្មណ៍ពីប្រហែល 18 ក្លឹប មុនពេលសម្រេចចិត្តចូលរួមជាមួយ Feyenoord។
បច្ចុប្បន្ន ក្លឹបជើងឯកហូឡង់ 16 សម័យនេះ កំពុងឈរលេខ 2 ក្នុងតារាង Eredivisie ដោយតាមពីក្រោយក្រុមកំពូលតារាង PSV ចំនួន 14 ពិន្ទុ។ Sterling បានរកគ្រាប់បាល់បាន 20 គ្រាប់ ក្នុងការបង្ហាញខ្លួន 82 ប្រកួតឲ្យក្រុមជម្រើសជាតិអង់គ្លេស ប៉ុន្តែមិនបានលេងសម្រាប់ក្រុមជម្រើសជាតិតាំងពីឆ្នាំ 2022 មក៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច