ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានីភ្នំពេញកំពុងរៀបចំកែលម្អសោភ័ណភាពចិញ្ចើមផ្លូវនៅតំបន់ជុំវិញផ្សារដើមគ បន្ទាប់ពីអាជីវករចេញអស់ 

ចែករំលែក៖

ភ្នំពេញ៖  អាជ្ញាធររាជធានីភ្នំពេញ កំពុងរៀបចំកែលម្អសោភ័ណភាពឡើងវិញនៅកំណាត់ផ្លូវនិងចិញ្ចើមផ្លូវមួយចំនួននៅតំបន់ជុំវិញផ្សារដើមគបន្ទាប់ពីដេញអាជីវករដែលលក់លើចិញ្ចើមផ្លូវគ្មានសណ្ដាប់ធ្នាប់កន្លងមក។ ក្រោមបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឱ្យអាជីវករដែលដាក់លក់រំលោភលើទ្រូងផ្លូវនិងចិញ្ចើមផ្លូវខាងលើទៅលក់ដូរបន្លែ ផ្លែឈើនៅផ្សារតាម៉ាប់ព្រែកជ្រៃនិងផ្សារដើមគថ្មី ដោយដោះស្រាយតាមបែបវិធីឈ្នះ=ឈ្នះ ក្នុងមនោសញ្ចេតនាខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរ  ។ ការរៀបចំកែលម្អសោភ័ណភាពឡើងវិញនេះ តាមគម្រោងអាចនឹងរួចរាល់ទាំងស្រុងក្នុងចន្លោះពី១ខែទៅ២ខែទៀត។ នេះបើតាមលោកស្រីដោ សម្ផស្ស នាយិការងនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងនៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។

លោកស្រីបញ្ជាក់ថា៖ គិតមកដល់ពេលនេះ ចំពោះការរៀបចំហេដ្ឋារចនាសម្ព័ន្ធនានានៅតំបន់ជុំវិញបរិវេណផ្សារដើមគចាប់ពីថ្ងៃទី១៨ ខែមករាកន្លងមកនេះ យើងធ្វើបានច្រើនដែរហើយ ដោយផ្ដោតទៅលើផ្លូវធំៗចំនួន៣ខ្សែ នោះគឺ មហាវិថីព្រះមុនីរ៉េត មហាវិថីម៉ៅសេទុងនិងផ្លូវលេខ២៣០។យើងបានរៀបចំការ៉ូឡានៅជុំវិញផ្សារដើមគជិតរួចរាល់ហើយ។ បន្តមកទៀតយើងនឹងចាប់ផ្ដើមមួយចំហៀងផ្លូវទៀត។ការងាររៀបការ៉ូឡានេះយើងអាចបញ្ចប់ក្នុងចន្លោះពេលខ្ទង់មួយខែទៀត។ នៅមហាវិថីព្រះមុនីរ៉េតការងារនេះយើងត្រូវធ្វើទាំងពីរខាងផ្លូវ ពោលគឺទាំងក្នុងខណ្ឌទួលគោកនិងនៅក្នុងខណ្ឌបឹងកេងកង។ ដូចគ្នានេះដែរ ចំពោះ ផ្លូវ២ខ្សែទៀតដូចជាផ្លូវលេខ២៣០និងមហាវិថីម៉ៅសេទុង យើងក៏អនុវត្តការងារនេះដូចគ្នាផងដែរ។ ចំណែកការងារផ្សេងទៀតមានទាំងការងារដាក់ប្រព័ន្ធលូ ជួសជុលអណ្ដូងលូ ក៏យើងបាននិងកំពុងដំណើរការព្រមៗគ្នាផងដែរ។បន្ទាប់មកទៀតយើងអាចនឹងមានការអ៊ុតកៅស៊ូ អ៊ុតគូសគំនូសចរាចរណ៍នៅលើកំណាត់ផ្លូវទាំងនេះផងដែរ។

លោកស្រីដោ សម្ផស្ស ក៏បានបញ្ជាក់ផងដែរថា៖ ចំពោះគម្រោងខាងលើនេះអាចបញ្ចប់ទាំងអស់នៅក្នុងរង្វង់១ខែឬ២ ខែខាងមុខទៀត។ រដ្ឋបាលរាជធានីភ្នំពេញក្រោយបានផ្លូវមកវិញធ្វើការកែលម្អសោភ័ណភាពដោយរៀបជាថ្មក្រា

នីតលើចិញ្ចើមផ្លូវដើរថ្មើរជើងនិងរៀបចំប្រព័ន្ធលូឡើងវិញមហាវិថីព្រះមុនីរ៉េត ផ្លូវលេខ២៣០ មហាថីម៉ៅសេទុងនិងផ្លូវមួយចំនួនទៀត។

សូមបញ្ជាក់ថា៖ តាមរយៈការដោះស្រាយតាមបែបឈ្នះ=ឈ្នះ និងមនោសញ្ចេតនាខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរ របស់ឯកឧត្ដមឃួង ស្រេង និងដោយមានការគាំទ្រនិងចូលរួមពីបងប្អូនអាជីវករ ដោយពួកគាត់បានសម្រេចចិត្តផ្លាស់ប្តូរទីតាំងពីការលក់ដូរលើទ្រូងនិងចិញ្ចើមផ្លូវក្នុងតំបន់ជុំវិញផ្សារដើមគចាស់ហើយបាននាំគ្នាទៅលក់ដូរនៅផ្សារដើមគថ្មីក្នុងខណ្ឌព្រែកព្នៅនិងផ្សារតាម៉ាប់ព្រែកជ្រៃ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។ ដូច្នេះត្រូវរួមគ្នាដើម្បីផ្ទះ ផ្លូវនិងទីក្រុងយេីងស្អាត ។ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ពិតជាខិតខំប្រឹងប្រែងណាស់សព្វថ្ងៃនេះ គឺធ្វើជាប់ជាប្រចាំ ប៉ុន្តែក៏ទាមទារការចូលរួមសហការនិងយោគយល់អធ្យាស្រ័យពីបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាដែរទេីបការប្រឹងប្រែងរបស់អាជ្ញាធរយើងទទួលបានជោគជ័យ៕

ដោយ៖សំរិត


ចែករំលែក៖