ខេត្តកំពង់ស្ពឺ÷មន្ត្រីនគរបាលស្រុកភ្នំស្រួចឲ្យដឹងនៅថ្ងៃទី១៩ខែកុម្ភៈនេះថា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១៣និង១០នាទី នៅចំណុចភូមិព្រៃឫស្សី ឃុំជាំសង្កែ ស្រុកភ្នំស្រួច មានករណីឃាតកម្មមួយកើត ឡើងដោយកូនប្រើកាំបិតប៉័ងតោកាប់សម្លាប់ម្ដាយ។ ជនសង្ស័ឈ្មោះ នឿន ណែត ហៅខ្នែត ភេទប្រុស អាយុ២២ ឆ្នាំ រស់នៅភូមិឃុំខាងលើ បានយកកាំបិតប៉័ងតោ(កាប់ពីខាងខ្នង)កាប់ទៅលើម្ដាយបង្កើតឈ្មោះយួន ផាន អាយុ ៤៧ឆ្នាំ រស់នៅផ្ទះជាមួយគ្នា ចំសៀតផ្កាលើត្រចៀកខាង ស្ដាំ ចំនួន០១កាំបិត បណ្ដាលឲ្យស្លាប់។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុជន សង្ស័យនៅផ្ទះតែ២នាក់ម្ដាយ ពេលដែលជនសង្ស័យកំពុងដេកអង្រឹងហើយបានសុំលុយម្ដាយ១,០០០៛(មួយពាន់រៀល) យកទៅទិញបារីជក់ តែម្ដាយមិនឲ្យហើយថែមទាំងស្ដីបន្ទោសមិនជួយធ្វើការងារ។ ពេលនោះជន សង្ស័យបានដើរទៅយកកាំបិតប៉័ងតោនៅលើតុ កាប់លើម្ដាយ។ ពេលធ្វើសកម្មភាពរួច បានបោះកាំបិតចោលនិងបានដើរមកដេកនៅក្នុងអង្រឹងនៅមុខផ្ទះ ចំណែកម្ដាយជាជនរងគ្រោះបានដើរចូលទៅក្នុងផ្ទះ។
លុះដល់ម៉ោង១៤និង២០នាទី ថ្ងៃដដែល ឪពុកត្រឡប់មកពីកាប់អុសវិញ បានដើរចូលក្នុងផ្ទះទើបឃើញម្ដាយរបស់ខ្លួនដេកស្លាប់នៅក្នុងផ្ទះបាត់ទៅហើយ។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ច ទទួលព័ត៌មានចុះដល់កន្លែងកើតហេតុ និងបានហៅជនសង្ស័យឈ្មោះ នឿន ណែត ហៅ ខ្នែត មកសាកសួរ។ ជនសង្ស័យបានឆ្លើយសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាពយកកាំបិតប៉័ងតោកាប់សម្លាប់ម្ដាយប្រាកដមែន។
ជួនសង្ស័យបានបញ្ជាក់អំពីមូលហេតុថា សុំលុយម្ដាយចំនួន១,០០០៛(មួយពាន់រៀល) យកទៅទិញបារី តែម្ដាយមិនឱ្យ ថែមទាំងស្ដីបន្ទោសថែមទៀត។
ករណីខាងលើ ជំនាញកំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច