ព័ត៌មានទាន់ហេតុការណ៍៖

តើនរណាខ្លះជាមហាសេដ្ឋីកំពូល ៥ នាក់របស់អូស្ត្រាលី ក្នុងឆ្នាំ ២០២៦?

ចែករំលែក៖

ទ្រព្យសម្បត្តិរួមរបស់មហាសេដ្ឋីកំពូល ៥ នាក់របស់អូស្ត្រាលី បានកើនឡើង ១៤% ដល់ ៩៤ ពាន់លានដុល្លារ ក្នុងឆ្នាំនេះ ទោះបីមានភាពមិនប្រាកដប្រជាពិភពលោក ដែលបណ្តាលមកពីពន្ធគយសហរដ្ឋអាមេរិក និងភាពតានតឹងភូមិសាស្ត្រនយោបាយក៏ដោយ។

1. Gina Rinehart

សេដ្ឋីស្រីផ្នែករ៉ែ Gina Rinehart នៅតែរក្សាតំណែងលេខ១ ប៉ុន្តែទ្រព្យសម្បត្តិរបស់លោកស្រីបានធ្លាក់ចុះ ១៥% មកនៅត្រឹម ២៤,៦ ពាន់លានដុល្លារ ដោយសារតម្លៃរ៉ែដែកទន់ខ្សោយ និងសម្ពាធបទប្បញ្ញត្តិលើក្រុមហ៊ុន Hancock Prospecting។

លោកស្រីបានពង្រីកការវិនិយោគទៅលើរ៉ែធាតុកម្រ និងឧស្សាហកម្មឧស្ម័ន ហើយក៏ជាម្ចាស់កសិដ្ឋានគោធំបំផុតទី២ នៅប្រទេសអូស្ត្រាលីផងដែរ។

2. Harry Triguboff

Harry Triguboff អ្នកគ្រប់គ្រងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Meriton ក្លាយជាមហាសេដ្ឋីលេខ២ ដោយទ្រព្យសម្បត្តិកើនឡើង ២០% ដល់ ២២.៦ ពាន់លានដុល្លារ។

ក្រុមហ៊ុនរបស់គាត់បានពង្រីកការវិនិយោគខ្លាំងនៅតំបន់ Gold Coast ក្នុងរដ្ឋ Queensland ហើយគាត់គឺជាអ្នកដំបូងៗដែលមើលឃើញសក្តានុពលនៃការរស់នៅក្នុងអាផាតមិន នៅទីក្រុងស៊ីដនី។

3. Andrew Forrest

Andrew Forrest ឡើងមកចំណាត់ថ្នាក់ទី៣ បន្ទាប់ពីតម្លៃភាគហ៊ុន Fortescue កើនឡើង ធ្វើឲ្យទ្រព្យសម្បត្តិរបស់គាត់កើនដល់ ២០.១ ពាន់លានដុល្លារ។

គាត់កំពុងផ្តោតលើថាមពលបៃតង និងការងារសប្បុរសធម៌ តាមរយៈអង្គការ Minderoo Foundation ដែលគាត់បង្កើតជាមួយភរិយា Nicola។

4. Cliff Obrecht និង Melanie Perkins

ក្រុមហ៊ុនរចនាក្រាហ្វិក Canva មានតម្លៃអតិបរមា ៤២ ពាន់លានដុល្លារ ធ្វើឲ្យស្វាមីភរិយា Cliff Obrecht និង Melanie Perkins មានទ្រព្យសម្បត្តិរួម ១៥.១ ពាន់លានដុល្លារ។

ពួកគេបានប្តេជ្ញាផ្តល់ច្រើនជាង ៨០% នៃភាគហ៊ុនទៅមូលនិធិ Canva Foundation សម្រាប់ការងារសប្បុរសធម៌។

5. Anthony Pratt

Anthony Pratt ស្ថិតនៅលេខ៥ ដោយមានទ្រព្យសម្បត្តិ ១១.៥ ពាន់លានដុល្លារ កើនឡើង ៤០% ពីឆ្នាំមុន។

គាត់ជាប្រធានប្រតិបត្តិនៃក្រុមហ៊ុន Visy Asia-Pacific និងម្ចាស់ Pratt Industries នៅសហរដ្ឋអាមេរិក ដែលជាក្រុមហ៊ុនផលិតក្រដាសកាតុងធំជាងគេនៅទីនោះ។

ជាសរុប មនុស្សមានទ្រព្យសម្បត្តិច្រើនបំផុត ៥០ នាក់នៅអូស្ត្រាលី បានបន្ថែមទ្រព្យសម្បត្តិរួម ១១ ពាន់លានដុល្លារ ឡើងដល់ ២៥៤ ពាន់លានដុល្លារ ក្នុងឆ្នាំនេះ៕


ចែករំលែក៖