ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះទស្សនកិច្ចផ្លូវការ និងជាប្រវត្តិសាស្ត្ររបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បី ចូលរួមកិច្ចប្រជុំកម្រិតខ្ពស់លើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព (Board of Peace) ដែលបានប្រព្រឹត្តទៅនៅ សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ។
តាមរយៈសមត្ថភាពការទូតជាន់ខ្ពស់ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ គតិបណ្ឌិតឈ្លាសវៃ និងម៉ឺងម៉ាត់ ច្បាស់លាស់ សម្តេចបវរធិបតី បានអនុវត្តដោយជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់នូវយុទ្ធសាស្ត្រ “ស្ងាត់តែមិន ស្ងៀម» ដោយបានចាប់យកឱកាសមាសដ៏កម្រនេះ ក្នុងការជំរុញលើកកម្ពស់កិត្យានុភាព និងឧត្តមប្រយោជន៍ ជាតិនៅលើឆាកអន្តរជាតិ ដោយភាពស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសនានាលើសកលលោក ក្នុងនាមជា ប្រទេសមានឆន្ទៈ និងសេចក្តីស្រលាញ់ពិតប្រាកដ ក្នុងការលើកតម្កើងគុណតម្លៃ ការស្តារ និងថែរក្សាសន្តិភាព តំបន់ និងសកល តាមរយៈការប្រើប្រាស់យន្តការការទូត និងការដោះស្រាយជម្លោះដោយសន្តិវិធី ដើម្បីបញ្ចប់ ការបង្ហូរឈាមដោយប្រដាប់អាវុធ ការពារអាយុជីវិតប្រជាជនស្លូតត្រង់ និងនាំមកវិញនូវប្រក្រតីភាពនៃការប្រកប របរចិញ្ចឹមជីវិត និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
វត្តមានដ៏ឧត្តុង្គឧត្តម និងប្រកបដោយអត្ថន័យជាប្រវត្តិសាស្ត្ររបស់សម្តេចបវរធិបតី នៅក្នុងកិច្ចប្រជុំ ដឹកនាំដោយ ឯកឧត្តម ដូណាល់ ជេ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ជាមួយថ្នាក់ដឹកនាំកំពូលនានា ដែលជា សមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព បានសបញ្ជាក់យ៉ាងប្រត្យក្សពីឧត្តមភាព និងតួនាទីដ៏សំខាន់របស់កម្ពុជា ក្នុងការស្តារសន្តិភាពសកល និងលើកកម្ពស់ចំណងមិត្តភាព និងទំនាក់ទំនងទ្វេភាគីជាមួយបណ្តាប្រទេសនានា ឱ្យកាន់តែស៊ីជម្រៅថែមទៀត ស្របតាមអភិក្រម «ពង្រឹងមិត្តចាស់ ពង្រីកមិត្តថ្មី» ជាពិសេសការជំរុញពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ ទន្ទឹមគ្នានេះ សម្តេចបវរធិបតី បានប្រើប្រាស់ឱកាសដ៏កម្រ នៃបេសកកម្មជាប្រវត្តិសាស្ត្រនេះ បើករបាំងមុខមាត់ពិតរបស់ថៃដល់ថ្នាក់ដឹកនាំ និងប្រជាជនទូទាំងពិភពលោកឱ្យបានដឹងច្បាស់នូវនយោបាយ ទុច្ចរិត ដ៏ស្មោគគ្រោកពោរពេញដោយល្បិចកិច្ចកល បំភ្លៃការពិត គ្រប់បែបយ៉ាង នៃទង្វើឈ្លានពានដ៏គឃ្លីន ឃោរឃៅយង់ឃ្នង និងខុសច្បាប់អន្តរជាតិមកលើកម្ពុជា។
តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មានអន្តរជាតិល្បីៗ រួមមានសារព័ត៌មាន រ៉ូយទ័រ និងហុកញូវ ជាដើម សម្តេចបវរធិបតី បានបញ្ជាក់យ៉ាងច្បាស់ថា ថៃនៅតែបាននិងកំពុងបន្តឈ្លានពានកាន់កាប់ទឹកដីកម្ពុជាដោយ ខុសច្បាប់ ដោយមិនអើពើចំពោះកិច្ចព្រមព្រៀងសន្តិភាព ដែលបានសម្របសម្រួល និងធ្វើជាសាក្សីដោយ ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២៥ និងឯកឧត្តម ប្រធានាធិបតី ដូណាល់ ជេ ត្រាំ និងបទឈប់បាញ់ ដែលបានចុះហត្ថលេខាដោយភាគីទាំងពីរ កម្ពុជា-ថៃ ដែលបានចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ក្រោមការសម្របសម្រួលរបស់សាធារណរដ្ឋ ប្រជាមានិតចិន។ សង្គ្រាមឈ្លានពានដ៏សាហាវឃោរឃៅ និងអមនុស្សធម៌នេះ ធ្វើឱ្យបាត់បង់អាយុជីវិតជនស៊ីវិល ស្លូតត្រង់យ៉ាងច្រើន បង្កទុក្ខវេទនាជាពន់ពេកដល់ជនភៀសសឹកកម្ពុជាជាង ៦ សែននាក់ ដែលមកទល់ពេល នេះជនភៀសសឹកជាង ៨ម៉ឺននាក់ នៅមិនអាចវិលត្រលប់ទៅផ្ទះសម្បែងវិញបាននៅឡើយ។ លើសពីនេះ ការឈ្លានពានដ៏គឃ្លីន និងខុសច្បាប់របស់ថៃ បានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់សម្បត្តិបេតិកភណ្ឌមនុស្សជាតិ សកល បេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រជាតិ ទ្រព្យសម្បត្តិ ផ្ទះសម្បែង សាលារៀន វត្តអារាម សំណង់អគារ និង ហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈជាច្រើនអនេក។ ក្នុងបទសម្ភាសន៍នោះដែរ សម្តេចបវរធិបតី បានបញ្ជាក់ យ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់ពីគោលជំហររបស់កម្ពុជា ក្នុងការគោរពយ៉ាងខ្ជាប់ខ្ជួននូវច្បាប់អន្តរជាតិ ធម្មនុញ្ញ អង្គការសហប្រជាជាតិ និងកិច្ចព្រមព្រៀងមានជាធរមាន និងគោលជំហរដោះស្រាយជម្លោះដោយសន្តិវិធី ដើម្បី ជាប្រយោជន៍ជាតិ និងប្រជាជននៃប្រទេសទាំងពីរ។ ជាមួយគ្នានេះ តាមរយៈការស្រាវជ្រាវយ៉ាងល្អិតល្អន់ អត្ថបទ ញ៉ូវយ៉កអេឌិតថូរៀល បានអះអាងយ៉ាងច្បាស់ និងលើកចំៗថា ថៃបានល្មើសច្បាប់អន្តរជាតិ ឈ្លានពាន កម្ពុជា ដោយប្រើប្រាស់អាវុធយុទ្ធភណ្ឌធុនធ្ងន់ហួសប្រមាណ រួមទាំងអាវុធហាមឃាត់ ដូចជា គ្រាប់បែកចង្កោម និងការចាក់សំឡេងកងបំពងពេលអធ្រាត្រ រំខានដល់ដំណេក ដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផ្លូវចិត្តរបស់ ប្រជាជនកម្ពុជា។
លទ្ធផលដ៏ត្រចះត្រចង់ និងមានតម្លៃមហាសាលនៃបេសកកម្មប្រវត្តិសាស្ត្រ និងយុទ្ធសាស្រ្តការទូតប្រកប ដោយភាពចាស់ទុំ «ស្ងាត់តែមិនស្ងៀម» ផ្អែកលើយន្តការការទូត ច្បាប់អន្តរជាតិ និងទំនាក់ទំនងសាធារណៈជាតិ និងអន្តរជាតិ របស់សម្តេចបវរធិបតី ទទួលបានការគាំទ្រយ៉ាងខ្លាំង និងការកោតសរសើរដ៏ប្រពៃថ្លៃថ្លាពី ឯកឧត្តម ដូណាល់ ជេ ត្រាំ ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាថ្នាក់ដឹកនាំកំពូលម្នាក់ដ៏អស្ចារ្យ មានស្មារតីអត់ធ្មត់ខ្ពស់ និងតែងប្រកាន់ខ្ជាប់នូវគោលជំហរស្រលាញ់សន្តិភាពពិតប្រាកដ។
រដ្ឋសភាកម្ពុជា សូមគាំទ្រយ៉ាងពេញទំហឹងដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រើប្រាស់យន្តការការទូត ច្បាប់អន្តរជាតិ និងយន្តការទ្វេភាគីដែលមានស្រាប់រវាងប្រទេសទាំងពីរ។ រដ្ឋសភាកម្ពុជាប្រឆាំង យ៉ាងដាច់អហង្ការ ចំពោះការបន្តកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់របស់ថៃ ហើយទាមទារឱ្យភាគីថៃដកកងកម្លាំងយោធាចេញ ពីទឹកដីកម្ពុជា ជាបន្ទាន់ និងឥតលក្ខខណ្ឌ និងទទួលខុសត្រូវចំពោះសោកនាដកម្ម បង្កដោយសង្គ្រាមឈ្លានពាន ខុសច្បាប់មកលើកម្ពុជា។
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវដល់បងប្អូនជនរួមជាតិខ្មែរគ្រប់រូប ទាំងក្នុង និង ក្រៅប្រទេស សូមបន្តជឿជាក់ និងគាំទ្រឱ្យបានពេញទំហឹង ចំពោះយុទ្ធសាស្ត្រ និងមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់ រាជរដ្ឋាភិបាល ហើយបន្តរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ជាមហាគ្រួសារខ្មែរ ដើម្បីជាកម្លាំងចលករការពារអធិបតេយ្យ បូរណភាពទឹកដី ឯករាជ្យជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ៕ដោយ៖តារា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច