ភ្នំពេញ ៖អាជ្ញាធរជាតិអប្សរា ចំណាយពេល៦ខែ ដើម្បីជួសជុលផែ ឬកំពង់ទឹកបុរាណ ដែលមានទីតាំងស្ថិតនៅលើទំនប់ខាងលិចបារាយណ៍យសោធរតដាក ឬបារាយណ៍ខាងកើត ក្នុងគោលបំណងពង្រឹងផ្នែកខូចខាតឱ្យរឹងមាំឡើងវិញ និងលើកតម្លៃទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់មួយនេះ។
លោក អន សុភាព បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ថា គម្រោងជួសជុលផែ ឬកំពង់ទឹកបុរាណនៅលើទំនប់បារាយណ៍យសោធរតដាក ជាផ្នែកមួយនៃគម្រោងរួមរបស់អាជ្ញាធរជាតិអប្សរា ក្នុងការជួសជុលរចនាសម្ពន្ធសំណង់បុរាណនៅតាមបណ្តោយផ្លូវចេញពីខ្លោងទ្វារជ័យនៃអតីតរាជធានីអង្គរធំ។ មុនឈានដល់ការជួសជុល ក្រុមការងារបុរាណវិទ្យា បានធ្វើកំណាយស្រាវជ្រាវពីរចនាសម្ពន្ធ និងសិក្សាពីស្ថានភាពនៃការខូចខាតដើម្បីវាយតម្លៃនៃវិធីសាស្រ្តជួសជុល។
កញ្ញា ដយ ពេជ្រជឺរ៉ា វិស្វករនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ផែ ឬកំពង់ទឹកនៅបារាយណ៍យសោធរតដាក មានចំនួន២ថ្នាក់ គឺថ្នាក់ទី១សាងសង់ពីថ្មបាយក្រៀម និងថ្នាក់ទី២សាងសង់ពីថ្មភក់ មានបណ្តោយប្រវែង៥០ម៉ែត្រ និងទទឹងប្រវែង៤០ម៉ែត្រ។ ដំណាក់កាលទី១ គឺជួសជុលនៅថ្នាក់ទី១ បណ្តោយប្រវែង១២ម៉ែត្រ និងទទឹងប្រវែង៩ ម៉ែត្រ។ ចំពោះរចនាសម្ពន្ធខឿនដែលមានការខូចខាតធ្ងន់ធ្ងរ ក្រុមការងារត្រូវសិក្សារកកម្ពស់ដើម ហើយជំនួសថ្មបាយក្រៀមថ្មីមួយចំនួននៅផ្នែកពុកផុយ ឬបាត់បង់ដើម្បីពង្រឹងរចនាសម្ពន្ធផែនេះ បានរឹងមាំឡើងវិញ៕

ដោយ៖សំរិត
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច