ភ្នំពេញ៖ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានហឫទ័យសោមនស្សរីករាយ សូមអបអរសាទរ រួមជាមួយព្រះសង្ឃ និងបងប្អូនជនរួមជាតិទាំងអស់ ជាទីគោរពនឹករលឹក និងស្រឡាញ់ដ៏ជ្រាលជ្រៅ បំផុត នៅក្នុងឱកាសខួបលើកទី២៧ នៃទិវាជាតិយល់ដឹងអំពីមីន ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រោមប្រធានបទ «ចូលរួមទាំងអស់គ្នា ដើម្បីជនភៀសសឹកនិងសហគមន៍មានសុវត្ថិភាព»។
រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី២៤ ខែកុម្ភៈ ជាទិវាជាតិយល់ដឹងអំពីមីន នេះជា ទិវាដ៏មានសារៈសំខាន់មួយ ដើម្បីរំលឹកដល់ប្រជារាស្ត្រគ្រប់រូប ឱ្យយល់ដឹងកាន់តែច្បាស់ និងមាន ការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ដែលបង្កឡើងដោយសារគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិន ទាន់ផ្ទុះគ្រប់ប្រភេទ។
ប្រទេសកម្ពុជាបានឆ្លងកាត់សង្គ្រាមអស់ជាច្រើនទសវត្សរ៍មកហើយ នៅលើផ្ទៃប្រទេសមាន បន្សល់ទុកនូវគ្រាប់មីន សំណល់ជាតិផ្ទុះយ៉ាងសន្ធឹកសន្ធាប់។ គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ ផ្ទុះនេះ បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តខ្ទេចខ្ទី បណ្តាលឱ្យរាំងស្ទះដល់ការអភិវឌ្ឍប្រទេសជាតិ នឹងធ្វើឱ្យប្រជារាស្ត្រកម្ពុជារាប់ម៉ឺននាក់ត្រូវរងរបួស ធ្លាក់ខ្លួនពិការពេញមួយជីវិត និងបានបាត់បង់ ជីវិត ព្រមទាំងបានបង្កជាសោកនាដកម្មដ៏ឈឺចាប់ ដែលមិនអាចបំភ្លេចបាន រហូតមកដល់ បច្ចុប្បន្ននេះ។
ក្នុងពេលបច្ចុប្បន្ននេះទៀត ប្រទេសកម្ពុជាយើងទើបបានរងការវាយប្រហារដោយកាំភ្លើងធំ រថក្រោះ និងយន្តហោះពីទាហានថៃ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ នៅលើសមរភូមិ មាន គ្រាប់បែក គ្រាប់រំសេវ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងៗនៅរាយប៉ាយតាមភូមិកររបស់ប្រជាជន កម្ពុជា ការណ៍នេះបង្កើតជាបន្ទុកដ៏ធ្ងន់ធ្ងរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវបោសសម្អាតបន្ថែម ទៀត។
កន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានកម្ទេចគ្រាប់មីនគ្រប់ប្រភេទ ដែលមានស្តុកនៅក្នុង ឃ្លាំង និងបានខិតខំបង្កើនសកម្មភាពយុទ្ធនាការបោសសម្អាតគ្រាប់មីន ក្រោមជំនួយឧបត្ថម្ភគាំទ្រ ពីអង្គការជាតិ-អន្តរជាតិ ដើម្បីរំដោះដីស្រែ-ចម្ការជូនប្រជាកសិករនៅទូទាំងប្រទេស។
ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបន្តកិច្ចខិតខំ ប្រឹងប្រែង ក្នុងការដឹកនាំរៀបចំប្រតិបត្តិការបោសសម្អាតគ្រាប់មីន បោសសម្អាតចម្ការមីន និងគ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងជួយសង្គ្រោះដល់ជនរងគ្រោះដោយសារមីននៅកម្ពុជា ព្រមទាំងទទួលបាន លទ្ធផលល្អប្រសើរ។ ទន្ទឹមនឹងនេះ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីន ដែលបានរូបរួមគ្នាបំពេញបេសកកម្ម ដ៏ឧត្តុង្គឧត្តមជួយអប់រំ និងផ្សព្វផ្សាយដល់ប្រជារាស្ត្រឱ្យយល់ដឹងអំពីគ្រោះថ្នាក់ដែលបង្កឡើង ដោយគ្រាប់មីន និងទីតាំងដែលមនុស្ស និងសត្វអាចប្រឈមគ្រោះថ្នាក់ដោយសារមីន និងបានយក ចិត្តទុកដាក់ជួយជនរងគ្រោះដោយសារគ្រាប់មីន ឱ្យមានលទ្ធភាពរស់នៅសមរម្យក្នុងសង្គមជាតិ។
ខ្ញុំសូមអំពាវនាវដល់រដ្ឋាភិបាលនៃបណ្តាប្រទេសជាមិត្ត អង្គការជាតិ-អន្តរជាតិ និងសប្បុរស ជនជាតិ-អន្តរជាតិនានា សូមមេត្តាបន្តកិច្ចសហប្រតិបត្តិការ និងចូលរួមគាំទ្រលើសកម្មភាពបោស សម្អាតមីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងជួយសង្គ្រោះជនរងគ្រោះដោយសារមីន នៅព្រះរាជាណា ចក្រកម្ពុជា។
ទូលព្រះបង្គំជាខ្ញុំ ខ្ញុំព្រះករុណា ខ្ញុំសូមថ្វាយព្រះពរ និងប្រសិទ្ធពរ បវរមហាប្រសើរ ថ្វាយ សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ប្រគេនព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ និងជូនបងប្អូនជនរួមជាតិទាំងអស់ សូមប្រកបតែនឹងព្រះពុទ្ធពរគ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច