ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ត្រូវរថយន្តបុកពេញ ទំហឹង បណ្តាលឱ្យសិស្សម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពត៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យអាសូរមួយបានកើតឡើងរវាងម៉ូតូ និងរថយន្ត ក្នុងទិសដៅខ្វែងគ្នា កាលពីវេលាម៉ោង ៩:៤០ នាទីព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦។ ហេតុការណ៍នេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ ៣១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២២/២៣ ស្ថិតក្នុងភូមិព្រៃផ្តៅ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូមួយគ្រឿងម៉ាក Honda Scoopy ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KV-5424 បើកបរដោយយុវជនឈ្មោះ ញេន សុហ៊ុយ អាយុ ១៥ ឆ្នាំ (មុខរបរសិស្ស) និងមានអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ឃិរឿន សំណាង អាយុ ១៥ ឆ្នាំ។ ភាគីខាងម៉ូតូបានធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច។

ខណៈមកដល់ចំណុចកើតហេតុ អ្នកបើកបរម៉ូតូបានបើកឆ្លងផ្លូវក្នុងស្ថានភាពខ្ជីខ្ជា និងខ្វះការប្រុងប្រយ័ត្ន ក៏ត្រូវរថយន្តមួយគ្រឿងម៉ាក SsangYong ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2V-8293 ដែលកំពុងធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង បុកចំពេញទំហឹងតែម្តង។

គ្រោះថ្នាក់នេះបានបណ្តាលឱ្យជនរងគ្រោះឈ្មោះ ញេន សុហ៊ុយ (អ្នកបើកបរម៉ូតូ) បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ និងជនរងគ្រោះរបួសធ្ងន់ឈ្មោះ ឃិរឿន សំណាង (អ្នករួមដំណើរ) រងរបួសធ្ងន់ធ្ងរ និងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់។ ម៉ូតូ និងរថយន្ត រងការខូចខាតកម្រិតធ្ងន់ដូចគ្នា។

ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តសាំយ៉ុងបានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅ កន្លែងកើតហេតុ។ យោងតាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ច មូលហេតុនៃគ្រោះថ្នាក់នេះគឺបង្កឡើងដោយភាគីខាងម៉ូតូ ដែលបើកបរខ្វះការប្រុងប្រយ័ត្នពេលឆ្លងកាត់ផ្លូវ។

បច្ចុប្បន្ន វត្ថុតាងទាំងពីរគ្រឿង (ម៉ូតូ និងរថយន្ត) ត្រូវបានកម្លាំងជំនាញយកទៅរក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកអង្គរជ័យ ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ៕


ចែករំលែក៖