ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីយកកាំបិតចុងស្រួចចាក់ទៅលើភាគីម្ខាងទៀត បណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរ ។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលកាលពីម៉ោង ២រសៀល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ នៅត្រង់ចំណុចផ្លូវលំ កែងផ្លូវវត្តចាស់ ក្រុម២ ភូមិ១ សង្កាត់-ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហេង សុខច័ន្ទ អាយុ ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះលេខ៦៤អា ផ្លូវវត្តចាស់ ក្រុម២ ភូមិ១ សង្កាត់-ខណ្ឌជ្រោយចង្វា។ រីឯជនរងគ្រោះឈ្មោះ ជួន ចាន់នី ហៅខ្មៅ អាយុ ១៩ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅផ្ទះលេខ២៩ ផ្លូវវត្តចាស់ ក្រុម២ ភូមិ១ សង្កាត់-ខណ្ឌជ្រោយចង្វា”រងរបួសធ្ងន់”។
ប្រភពពីសមត្ថកិច្ចបានប្រាប់អោយដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានអង្គុយផឹកស្រាអស់កន្លះហ្សឺុក្នុងផ្ទះរបស់ខ្លួន រួចក៏ចេញទៅជាមួយមិត្តភ័ក្រនៅក្រោមអាគារ ប៉ាស្ទ័រ ទៀត ហើយជនសង្ស័យបានយកកាំបិតចុងស្រួចពីក្នុងផ្ទះខ្លួនមកសៀតនឹងចង្កេះ ដើម្បីកាត់ផ្លែចេកក្លែមស្រា។ ខណៈដែលអង្កូយផឹក ស្រាប់តែជនរងគ្រោះបើកម៉ូតូទៅក្បែរជនសង្ស័យ រួចក៏ស្រែកឌឺដងដាក់ជនសង្ស័យ ហើយក៏បានបើកម៉ូតូចេញមកដល់ផ្លូវវត្តចាស់ ពេលនោះ ជនសង្ស័យឈប់ផឹកស្រានៅក្រោមអាគារ ប៉ាស្ទ័រ រួចក៏បានដើរមកអង្គុយផឹកនៅផ្លូវវត្តចាស់ក្បែរផ្លូវចូលផ្ទះរបស់ខ្លួន ។ មួយស្ទុះក្រោយមក ជនរងគ្រោះ ក៏បានបើកម៉ូតូមកក្បែរជនសង្ស័យម្តងទៀត ហើយក៏ឈប់ម៉ូតូ ឃើញដូចនោះ ជនសង្ស័យស្មានថា ជនរងគ្រោះឈប់ម៉ូតូចុះមកវាយខ្លួន ហើយជនសង្ស័យក៏ងើបទៅដាល់ជនរងគ្រោះចំនួន ២ដៃចំកញ្ចឹងកខាងក្រោយ រួចក៏ប្រតាយប្រតបគ្នា ភ្លាមនោះជនសង្ស័យ បានដកកាំបិតដែលបានសៀតនៅចង្កេះចាក់ទៅលើជនរងគ្រោះចំចុងដង្ហើមបណ្តាលអោយរងរបួសធ្ងន់ ក្រោយមក ជនរងគ្រោះបានស្រែកអោយគេជួយ ឃើញដូចនោះ ជនសង្ស័យបានបោះកាំបិតចោល រួចក៏បានរត់គេចខ្លួនទៅផ្ទះបាត់ ។
ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបានអ្នកនៅជិតខាង ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ កាល់ម៉ែត ហើយជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកអធិដ្ឋាន ដើម្បីសាកសួរ ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕ ជ្រោយពេជ្រ