ខេត្តព្រះវិហារ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិសាស្រ្តតំបន់អានសេះ ក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោយបទឈប់បាញ់ចូលជាធរមាន និងចុះពិនិត្យមើលទីតាំងស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ក្នុងនោះរួមមាន លំនៅដ្ឋានរបស់ប្រជាពលរដ្ឋដែលត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហាររបស់យោធាថៃ កាលពីខែធ្នូ ឆ្នាំ២០២៥។ នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។
អ្នកនាំពាក្យក្រសួងការពារជាតិអះអាងថា កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច