ក្រោយពីមានការរិះគន់ថា អង្គការ សហប្រជាជាតិធ្វើព្រងើយកន្តើយចំពោះការស្លាប់និងបាត់ខ្លួនរាប់រយនាក់នៅក្នុងប្រទេសហៃទី និងពលរដ្ឋរាប់សិបពាន់នាក់ត្រូវការស្បៀងអាហារជាបន្ទាន់នោះមក ពេលនេះអង្គការសហប្រជាជាតិបាន សម្រេចផ្តល់ជំនួយជាទឹកប្រាក់១២០ លានដុល្លារដល់ប្រទេសនេះ។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន បានប្រកាសថា ទឹកប្រាក់ ជិត១២០លានដុល្លារនឹងត្រូវជួយដល់ សកម្មភាពមនុស្សធម៌ក្នុងខ្ទង់មូលនិធិអង្គការសហប្រជាជាតិ បន្ទាប់ពីប្រទេសហៃទី រងការបំផ្លិចបំផ្លាញដោយសារព្យុះសង្ឃរា Mathew ដែលបានសម្លាប់ពលរដ្ឋអស់ជាង ១.០០០នាក់។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួបានចុះផ្សាយកាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ២០១៦ ។
ប្រទេសហៃទីត្រូវបានគេដឹងថា ជា ប្រទេសដែលរងគ្រោះធ្ងន់ធ្ងរដោយសារ ព្យុះសង្ឃរា Matthew វាយប្រហារកាលពី ថ្ងៃសៅរ៍ ទី៨ ខែតុលា កន្លងទៅនេះធ្វើឲ្យ ចំនួនអ្នកស្លាប់បានកើនឡើងជាបន្តបន្ទាប់ ហើយរដូវភ្លៀងក៏បានចូលមកដល់ផងដែរ សម្រាប់ប្រទេសមួយនេះដែលនេះជាក្តីកង្វល់ មួយរបស់មូលនិធិកុមារអង្គការសហប្រជាជាតិ ហៅកាត់ថា (យូនីសេហ្វ) ដែលបាន ខំផ្សព្វផ្សាយឲ្យមានការប្រុងប្រយ័ត្នខ្ពស់ទៅលើការគំរាមកំហែងដល់សុខភាពកុមារដោយសារតំបន់ជាច្រើនរងនូវផលប៉ះពាល់ ច្រើន។
ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់សម្របសម្រួលកិច្ចការមនុស្សធម៌ នៅក្នុងប្រទេសហៃទី (OCHA) បានបញ្ជាក់ ថា មានពលរដ្ឋជាង១.៤លាននាក់ត្រូវការជំនួយមនុស្សធម៌ជាចាំបាច់សម្រាប់ការរស់ នៅរបស់ពួកគេបន្ទាប់ពីព្យុះសង្ឃរា Matthew បោកបក់យ៉ាងខ្លាំង និងបង្កការខូច ខាតទ្រព្យសម្បត្តិ និងសម្លាប់មនុស្សអស់ ជាង១ពាន់នាក់។ OCHA បានឲ្យដឹងថា ជំនួយមនុស្សធម៌ដែលដង្ហោយហៅរកពី ពលរដ្ឋរងគ្រោះនៅក្នុងប្រទេសហៃទីនោះ រួមមានថ្នាំពេទ្យ ស្បៀងអាហារ ក្នុងនោះ រាប់បញ្ចូលទាំងវ៉ាក់សាំងការពារជំងឺអាសន្ន រោគដែលនេះជាករណីចាំបាច់ណាស់ សម្រាប់ទប់ស្កាត់ជំងឺដ៏កាចសាហាវនេះ ក្រោយពីព្យុះកំណាចបានផុតរលត់ទៅវិញ។
នៅថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០១៦ រដ្ឋាភិបាលហៃទីក៏បានឲ្យដឹងដែរថា ទំហំនៃការខូចខាតដីប្រកបរបរកសិកម្មមាន ចំនួន៤១.០០០ហិកតា។ ក្រសួងកសិកម្ម ធនធានធម្មជាតិ និងអភិវឌ្ឍន៍ជនបទប្រទេស ហៃទីបានចង្អុលបង្ហាញអំពីទីតាំងនៃការ ខូចខាតទៅលើដីសម្រាប់ធ្វើកសិកម្មដោយ សារព្យុះសង្ឃរា Matthew ៕ ម៉ែវ សាធី