សារព័ត៌មានកូរ៉េខាងជើងបានផ្សាយកាលពីថ្ងៃទី១២ ខែតុលា ថា រដ្ឋលេខាធិការក្រសួងការបរទេសកូរ៉េខាងជើងដែលមានបទពិសោធន៍យូរឆ្នាំត្រូវបានលោក គីម ជុងអ៊ុន ដកហូតតំណែងបញ្ជូនឲ្យទៅធ្វើស្រែ វិញក្រោយពេលឯកអគ្គរដ្ឋទូតរងប្រចាំនៅប្រទេសអង់គ្លេសរត់ភៀសខ្លួនទៅរស់នៅកូរ៉េខាងត្បូង។
ប្រភពព័ត៌មានបញ្ជាក់ថា ដែលមិន បញ្ចេញឈ្មោះបានឲ្យដឹងថា រដ្ឋលេខាធិការ Kung Sok Ung ត្រូវបានដកហូតតំណែងហើយត្រូវបណ្តេញចេញពីទីក្រុងព្យុងយ៉ាង ។ លោក Kung Sok Ung និងគ្រួសារត្រូវបានបញ្ជូនទៅកាន់តំបន់ជនបទធ្វើស្រែវិញម្តង ក្រោយពេលទុកឲ្យមន្ត្រីក្រោមឱវាទរត់ភៀសខ្លួនទៅរស់នៅប្រទេសកូរ៉េខាងត្បូង។
តាមប្រភពព័ត៌មានបញ្ជាក់ថា លោកគីម ជុងអ៊ុនគឺជាអ្នកបញ្ជាផ្ទាល់ឲ្យដាក់ទណ្ឌកម្មទៅលើលោក Kung Sok Ung ក្រោយ ការភៀសខ្លួនរបស់លោក Thae Yong Ho អគ្គរដ្ឋទូតរងរបស់កូរ៉េខាងជើងប្រចាំនៅប្រទេសអង់គ្លេសកាលពី២ខែកន្លងមក ។ក្រោយការរត់ភៀសខ្លួនរបស់លោក Thae Yong Ho នៅក្នុងក្រសួងការបរទេសត្រូវបានកោះហៅប្រជុំនិងសើុបអង្កេតជាទ្រង់ទ្រាយធំហើយលោក Kung Sok Ungត្រូវទទួលខុសត្រូវពីការភៀសខ្លួនខាងលើរបស់មន្ត្រីក្រោមឱវាទរបស់ខ្លួន ។ ក្រៅពីនេះមន្ត្រីការបរទេស៤រូបផ្សេងទៀតប្រចាំនៅអឺរ៉ុបដែលមិនបញ្ចេញឈ្មោះក៏ត្រូវបានបណ្តេញចេញពីទីក្រុងព្យុងយ៉ាងឲ្យទៅធ្វើស្រែដូចគ្នា។
លោក Kung Sok Ung អាយុ៧២ឆ្នាំជាមន្ត្រីការបរទេសដែលមានបទពិសោធន៍ លោកទទួលបន្ទុកនៅក្នុងទំនាក់ទំនងការបរទេសរវាងកូរ៉េខាងជើងនឹងអឺរ៉ុបរយៈពេលជាង២ទសវត្សកន្លងមកហើយពេលនេះត្រូវនាំប្រពន្ធកូនទៅធ្វើស្រែវិញម្តង ៕