ខេត្តតាកែវ៖ ពុទ្ធបរិស័ទចំណុះជើងវត្ត បាននាំគ្នាផ្ទុះកំហឹងលើកបដាតវ៉ាឲ្យបណ្ដេញចៅអធិការវត្តឃ្លាំងមឿងចេញពីវត្តដោយ សារតែលោកបាននាំក្រុមគ្រួសារមករស់នៅនិងធ្វើអាជីវកម្មនៅក្នុងវត្ត។ ករណី តវ៉ានេះបានកើតឡើងកាលពីថ្ងៃ១៣ ខែ តុលា ឆ្នាំ២០១៦ នៅក្នុងវត្តឃ្លាំងមឿង ស្ថិត នៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី។
ប្រជាពលរដ្ឋដែលលើកបដាតវ៉ាបាន និយាយថា ចៅអធិការវត្តឃ្លាំងមឿងបានធ្វើខុសនឹងច្បាប់ព្រះសង្ឃ ព្រោះបាននាំ ក្រុមគ្រួសារមករស់នៅនិងធ្វើអាជីវកម្មនៅក្នុងវត្ត។ ម្យ៉ាងទៀតម្តាយរបស់លោកបានប្រើពាក្យមិនសមរម្យដាក់ពុទ្ធបរិស័ទចំណុះជើងវត្ត និងបានជេរប្រមាថសង្ឃសាមណេរ ដែលចេញទៅបិណ្ឌបាតមិនបានថា «បើពួកអ្ហែងបិណ្ឌបាតមិនបានទេមិនបាច់ស៊ីទេ»។ ទង្វើទាំងនេះធ្វើឲ្យពុទ្ធបរិស័ទចំណុះ ជើងវត្តមានការមិនពេញចិត្តរហូតទ្រាំលែង បានក៏ផ្ទុះការតវ៉ាបណ្ដេញចៅអធិការវត្ត ចេញពីវត្តតែម្តង។ មិនត្រឹមតែប៉ុណ្ណោះតាំង ពីព្រះសង្ឃអង្គនេះឡើងធ្វើជាចៅអធិការ វត្តមកវត្តមិនត្រឹមតែគ្មានការរីកចម្រើនទេ ថែមទាំងបាត់របស់របរពីក្នុងវត្តទៀតផង។
ពុទ្ធបរិស័ទចំណុះជើងវត្តបាននិយាយ ទៀតថា តាំងពីចៅអធិការវត្តអង្គនេះបានយកគ្រួសារមកនៅក្នុងវត្តធ្វើឲ្យអ្នកភូមិមាន ការខឹងសម្បាយ៉ាងខ្លាំងដោយទ្រាំនឹងទង្វើ ខុសឆ្គងជាច្រើនរបស់ចៅអធិការវត្តនិង ញោមស្រីលោកជេរប្រមាថមើលងាយអ្នកនៅក្នុងវត្តមិនបាននិងធ្វើឲ្យបាត់បង់សម្ភារមួយចំនួនពីក្នុងវត្ត ទើបប្រជាពលរដ្ឋនាំគ្នាតវ៉ាសុំបណ្ដេញលោកចេញពីវត្ត។
សូមបញ្ជាក់ថា ចៅអធិការវត្តឃ្លាំងមឿង មានព្រះនាម ច័ន្ទ ពេជ្ររស្មី ព្រះជន្ម២៦ វស្សា ក្នុងពេលដែលប្រជាពលរដ្ឋនាំគ្នាតវ៉ា នោះគឺចៅអធិការវត្តមិនបានចេញមុខមក ដោះស្រាយជាមួយនឹងពុទ្ធបរិស័ទទេ គឺបាន ចាក់សោសំងំនៅក្នុងកុដិ ហើយករណីនេះ មន្ត្រីធម្មការ និងសាសនាក៏មិនទាន់ឃើញ មានវត្តមានចុះទៅរកដំណោះស្រាយដែរ៕ សហការី