ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលគងពិសីបានឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីចោរកម្ម។ ជនសង្ស័យទាំងពីរនាក់ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីបន្តនីតិវិធី។
អនុវត្តតាមការណែនាំពីលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងដឹកនាំដោយលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុក ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦ បានបង្ក្រាបមុខ សញ្ញាចោរកម្ម ចំនួន ២នាក់ ៖
១.វេលាម៉ោង ១:០៥នាទី រំលងអាធ្រាត កម្លាំងមាន សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ១នាក់ នៅចំណុចស្ពានស្រែជម្រៅ ភូមិអូរតាពូង ឃុំរកាកោះ ស្រុកគងពិសី ពាក់ព័ន្ធករណីចោរកម្ម(ប៉ុនប៉ងលួច) និងបន្លំស្លាកលេខម៉ូតូ ជនសង្ស័យឈ្មោះ ស៊ន សុវណ្ណ ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិស្រែត្រោក ឃុំសែនដី ស្រុកសំរោងទង និងបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួន។ ករណីនេះបានកសាងសំណុំរឿង ដកហូតម៉ូតូ ១គ្រឿង និងវត្ថុតាងសម្រាប់ធ្វើសកម្មភាព បញ្ជូនទៅស្នងការដ្ឋាន ចាត់ការតាមនីតិវិធី ។
២.វេលាម៉ោង ៦:៣០នាទីព្រឹក សមត្ថកិច្ចបានទទួលជនសង្ស័យ ១នាក់ ឈ្មោះ កែវ ចន្ទកាលីម ភេទប្រុស អាយុ ៣២ឆ្នាំ មានស្រុកកំណើតភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ស្នាក់នៅផ្ទះជួលភូមិត្រាំខ្នារ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ពាក់ ព័ន្ធករណី កាត់លួសសំណាញ់គាស់ឃ្លាំងយកខ្សែភ្លើង នៅចំណុចភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ។
ករណីនេះបានកសាងសំណុំរឿង ដកហូតវត្ថុតាង និងម៉ូតូសម្រាប់ជិះធ្វើសកម្មភាព ១គ្រឿង បញ្ជូនទៅស្នង ការដ្ឋានខេត្តកំពង់ស្ពឺ ចាត់ការតាមនីតិវិធី ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច